ហ្វីលីពីន៖ នាវាBRP Sierra Madreរបស់កងទ័ពជើងទឹកនៃសាធារណរដ្ឋហ្វីលីពីន មានប្រវត្តិយូរអង្វែង ហើយទោះបីជាវាត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៤៤ក៏ដោយ ក៏វានៅតែបម្រើគោលបំណងយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់ហ្វីលីពីន គឺធ្វើយ៉ាងណាឲ្យប្រទេសចិននៅឲ្យឆ្ងាយពីដែនទឹករបស់ខ្លួន។
កប៉ាល់BRP Sierra Madre ពិតជា បានចាប់ផ្តើមជីវិតរបស់ខ្លួនក្នុងនាមនាវាដឹករថក្រោះរបស់អាមេរិកអំឡុងសង្គ្រាមលោកលើកទី២។ ដោយត្រូវសាងសង់ក្នុងរដ្ឋIndiana ដោយក្រុមហ៊ុន Missouri Valley Bridge & Iron Company ដើមឡើយវាត្រូវបានដាក់ឈ្មោះថា USS Harnett County។ នាវា Harnett County បានផ្តល់សេវាសម្រាប់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ហើយបានចូលរួមក្នុងការចូលចតនៅសមរភូមិ Eniwetok កោះអូគីណាវ៉ា និងកោះហ្គាំ។
នាវា Harnett County ត្រូវបានដាក់ឲ្យធ្វើដំណើរការជាសាជាថ្មីនៅឆ្នាំ១៩៩៦ ហើយត្រូវបានបញ្ជូនទៅបម្រើក្នុងសង្គ្រាមវៀតណាម ជាទីដែលវាត្រូវបានគេប្រើជាមូលដ្ឋានឧទ្ធម្ភាគចក្រអណ្តែតទឹក នៅតំបន់ដីសណ្តទន្លេមេគង្គ។ បន្ទាប់ពីសង្គ្រាមចំនួនពីរ នាវានេះទទួលបានផ្កាយរង្វាន់ចំនួន៩សម្រាប់ការប្រយុទ្ធ និងលិខិតសរសើរចំនួនបីសម្រាប់កងនាវាចរណ៍ វាត្រូវបានផ្ទេរទៅសាធារណរដ្ឋវៀតណាមខាងត្បូង។ ដោយត្រូវបានប្តូរឈ្មោះជា RVNS My Tho កប៉ាល់នេះ បានបម្រើការនៅក្នុងកងទ័ពជើងទឹកវៀតណាមខាងត្បូងរហូតដល់ទីក្រុងSaigon បានធ្លាក់ទៅក្នុងវៀតណាមខាងជើង ក្នុងឆ្នាំ១៩៧៥។
ជនភៀសខ្លួន បានចូលទៅនៅក្នុងនាវា RVNS My Tho ឡើងពេញ បន្ទាប់ពីការដួលរលំនៃរដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង។ នាវានេះបានជួបជាមួយកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតដែលរត់គេចខ្លួនរហូតដល់ពួកគេ បានបង្កើតកងនាវាតូចមួយនៅសមុទ្រ ហើយបើកសំពៅទៅឈូងសមុទ្រSubic របស់ហ្វីលីពីន។ បន្ទាប់មក ហ្វីលីពីន បានកាន់កាប់នាវា RVNS My Tho និងអតីតកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតនៅក្នុងឈូងសមុទ្រ។ រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសហ្វីលីពីន បានដំណើរការកប៉ាល់នេះ ក្នុងនាមជា នាវាBRP Sierra Madre ដោយប្រើវាជាមធ្យោបាយដឹកជញ្ជូនទាំងនៅក្នុងទឹកនិងលើគោក៕


