អ្នកជំនាញកូរ៉េខាងជើងម្នាក់ បានពិភាក្សាជាមួយទូរទស្សន៍ Fox News ពីហេតុផលដែលនាំឲ្យប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺលោកស្រី Kim Yo Jong គឺជាស្រ្តីដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ក្រោយការបង្ហាញខ្លួនដ៏គួរភ្ញាក់ផ្អើលរបស់លោកស្រីនៅប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន ។

លោក Sung-Yoon Lee គឺជាសាស្រ្តាចារ្យនៅសាលា Fletcher នៃសាកលវិទ្យាល័យ Tufts បាននិយាយថា ខ្ញុំអាចនិយាយបានថា លោកស្រី Kim Yo Jong សព្វថ្ងៃ ពិតជាស្រ្តីដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកនៅក្នុងប្រវត្តិសាស្រ្តទាំងអស់របស់កូរ៉េ ឬប្រហែលជានៅក្នុងប្រវត្តិសាស្រ្តពិភពលោកទៀតផង ។
លោកថា បើទោះបីជាលោកស្រីនៅក្មេង មានវ័យ ៣៦ឆ្នាំនៅដំណាច់ខែកញ្ញានេះក៏ដោយ ក៏លោកស្រីគឺជាស្រ្តីម្នាក់ដែលមើលទៅទន់ភ្លន់ តែឃោឃៅ ស្រលាញ់ជាតិជ្រុល និងមានចរិកដូចមនុស្សប្រុស ។ លោកស្រីមានការប្រិតប្រៀងខ្លាំងណាស់ ។
លោក Lee គឺជាអ្នកនិពន្ធសៀវភៅ "The Sister" ដែលតាមដានការឡើងកាន់អំណាចរបស់លោកស្រី Yo Jong ជាអនុមេដឹកនាំតាមព្រឹត្តន័យបន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong Un ។
លោកស្រី Kim Yo Jong បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកស្រីនៅឆ្នាំ ២០១១ ជាមួយឪពុករបស់លោកស្រី គឺលោក Kim Jong Il ប៉ុន្តែប្រវត្តិរបស់លោកស្រីនៅតែគេមិនទាន់ដឹងច្បាស់ រហូតដល់លោកស្រីបង្ហាញខ្លួននៅព្រឹត្តការណ៍កីឡាអូឡាំពិករដូវរងារក្រុង Pyeongchang របស់កូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៨ ។
រយៈពេលប៉ុន្មានខែក្រោយមក លោកស្រី បានអមដំណើរបងប្រុសរបស់លោកស្រីទៅចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ។
កាលពីពេលថ្មីៗនេះ លោកស្រី បានអមដំណើរជាបងប្រុសរបស់លោកស្រីទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ជំនួបកំពូលរបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin ។
ក្រុមអ្នកវិភាគ បានកំណត់ថា លោកស្រី Kim Yo Jong អាចជាអ្នកបន្តវេនពីបងប្រុសរបស់លោកស្រីជាមេដឹកនាំរបស់កូរ៉េខាងជើង ៕
