កូដកម្មរបស់បណ្ដាសមាជិកនៃសហជីពកម្មករសម្ព័ន្ធយានយន្ត (UAW) បានចូលដល់ថ្ងៃទី៤ នៅរោងចក្រផលិតរថយន្ត Ford ក្នុងទីក្រុង Wayne រដ្ឋ មីឈីហ្គិន (Michigan) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៨ កញ្ញា)។

បុគ្គលិករបស់សហជីពកម្មករសម្ព័ន្ធយានយន្ត UAW លោក Stu Jackson បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោកសង្ឃឹមថានឹងសម្រេចបានការបង្កើនប្រាក់បៀវត្ស៍ចំនួនពីរខ្ទង់ និងប្រាក់ឧបត្ថម្ភថ្លៃចំណាយប្រចាំថ្ងៃ ដោយសារតែតម្លៃប្រេង និងអាហារ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។
កូដកម្មមានការសម្របសម្រួល ដែលត្រូវបានគេមើលឃើញថាជាកូដកម្មរបស់សហជីពនៅរោងចក្រផលិតរថយន្តធំទាំងបី ក្នុងពេលដំណាលគ្នាជាលើកដំបូងនោះ បានកើតឡើងនៅពេលដែលការយល់ព្រមពីសហជីពការងារក្នុងចំណោមកម្មករជនជាតិអាមេរិក គឺឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើទោះបីជាសមាជិកភាពនៅក្នុងសហជីពបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មុនពេលកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះក៏ដោយ។
កម្មករ UAW ប្រហែល១២.៧០០នាក់ កំពុងធ្វើកូដកម្ម ដែលជាផ្នែកមួយនៃសកម្មភាពការងារផ្តោតលើរោងចក្រដំឡើងរថយន្តនៅសហរដ្ឋអាមេរិកដ៏ធំបំផុតចំនួនបី ដែលត្រូវបានគេស្គាល់ថាឈ្មោះ Detroit Three បន្ទាប់ពីកិច្ចព្រមព្រៀងការងាររយៈពេល៤ឆ្នាំមុនបានផុតកំណត់មក៕
