
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានច្រើនចាប់ពីពេលបច្ចុប្បន្ននេះទៅ ដើម្បីបញ្ចៀសកំណើនមនុស្សវ័យចាស់នៅឆ្នាំ២០៥០ និងធានាលើកម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងប្រទេស ខណៈបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាកង្វះខាតយុវជនជំនាន់ក្រោយដោយសារតែមានកំណើនមនុស្សវ័យចាស់ច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសជិត២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា តាមការព្យាករណ៍ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានមនុស្សចាស់ច្រើននៅឆ្នាំ ២០៥០ ដូច្នេះដើម្បីបញ្ចៀសកុំឱ្យដល់ពេលនោះមានបញ្ហានេះកើតឡើង គឺប្រជាពលរដ្ឋត្រូវយកកូនឱ្យបានច្រើនពីពេលបច្ចុប្បន្ន ដើម្បីធានាដល់កម្លាំងពលកម្មគ្រប់គ្រាន់នៅក្នុងប្រទេស ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា បច្ចុប្បន្ននេះតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដូចជា ប្រទេសចិន ប្រទេសជប៉ុន និងសិង្ហបុរីជាដើម ក៏កំពុងមានបញ្ហាប្រឈមលើបញ្ហាកំណើនមនុស្សចាស់ច្រើន និងកំណើនយុវជនវ័យក្មេងតិចនេះដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះការយកកូនច្រើននេះ ក៏មិនត្រូវឱ្យលើសលុបពេកដែរ គឺធ្វើម៉េចឱ្យសមស្របទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីរក្សាបាននូវស្ថេរភាព និងតុល្យភាពនៃការអភិវឌ្ឍ ខណៈតាមរបាយការណ៍របស់ក្រសួងផែនការ បច្ចុប្បន្នប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ ១៧ លាននាក់៕អត្ថបទ៖ ដារ៉ា