ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ រៀបចំឡើងក្រោមកិច្ចពិភាក្សាចំនួនពីរ គឺ “យុវជន និងការអប់រំឌីជីថល ជំនាញឌីជីថល និងអាជីពឌីជីថល” រីឯកិច្ចពិភាក្សាបន្ទាប់គឺផ្តោតលើ “ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន”។
មជ្ឈមណ្ឌលកម្ពុជា៤.០ក្រោមអាធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំវេទិកាលើកទី ១ ស្ដីពី “យុវជន ៤.០”។ វេទិកានេះ គឺមានការចូលរួមពីអ្នកជំនាញ ជាច្រើនវិស័យ ដើម្បីជជែកពិភាក្សា លើប្រធានបទពីរផ្សេងគ្នា ចែករំលែកជូនអ្នកចូលរួម ដែលភាគច្រើនជានិស្សិត។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វេទិកានេះជាការប្រមូលផ្តុំអ្នកជំនាញ និងភាគីពាក់ព័ន្ធ រួមមាន អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល។
ប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ផ្តោតសំខាន់លើយុវជនក្នុងយុគសម័យឌីជីថល ដោយហេតុថាយុវជនជាកម្លាំងចលករសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគតក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ឯកឧត្តម បញ្ជាក់ដែរថា ការឈានទៅសម្រេចបានសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានលក្ខណៈពេញលេញ គឺទាមទារមូលធនមនុស្ស ដែលមនុស្សនិងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដោយតម្រូវឱ្យកម្លាំងពលកម្ម មានចំណេះ មានជំនាញ អាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីទាញយកសក្តានុពល និងផលប្រយោជន៍ពីបច្ចេកវិទ្យា។ ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះក៏ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតតិកាលទី ៧ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា រាជរដ្ឋាភិបាល បានកំណត់ក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដោយកំណត់យកអាទិភាពគន្លឹះ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
គួរបញ្ជាក់ថា កិច្ចពិភាក្សាវគ្គទី១ក្នុងវេទិកានេះ គឺមានការចូលរួមពីវាគ្មិនតំណាងក្រសួងអប់រំ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា។ កិច្ចពិភាក្សានេះ រំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម ដើម្បីពង្រឹងការអប់រំឌីជីថល និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។
លើសពីនេះទៀត នៅក្នុងកិច្ចពិភាក្សាក៏បានលើកពីទំនាក់ទំនងរវាងយុវជន ជាមួយការអប់រំឌីជីថល ជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល ដែលជាភាពចាំបាច់ និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថាការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យនៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។
សម្រាប់កិច្ចពិភាក្សាវគ្គទី២ មានការចូលរួមពីវាគ្មិនតំណាងក្រសួងសុខាភិបាល វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមហ៊ុនស្មាត ដោយបានពិភាក្សារួមគ្នាលើប្រធានបទស្តីពីការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន។ នៅក្នុងកិច្ចពិភាក្សាមានការលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងវិធីសាស្រ្ត ដើម្បីរក្សាលំនឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ចំគោលដៅ និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសយុវជន៕ អត្ថបទ៖ គឹមហុក