ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ឧសភានេះ បានថ្វាយនូវសារលិខិតអរព្រះគុណ ដល់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រទាននូវព្រះរាជទ្រព្យប្រចាំត្រីមាសសម្រាប់ទ្រទ្រង់ដល់កម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
សម្តេចប្រធាន បានបញ្ជាក់ក្នុងសារលិខិតថា សម្តេចនិងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា មាន សេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 6.000 USD (ប្រាំមួយពាន់ ដុល្លារអាមេរិក) របស់ សម្តេចព្រះមហារត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដែលជាព្រះរាជូបត្ថម្ភ ដ៏ថ្លៃថ្លា ចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់២ត្រីមាស (ខែកក្កដា ដល់ ខែធ្នូ)ឆ្នាំ២០២១។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី បុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សម្តេចសូម ព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ជារៀងរហូតមកសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
សម្តេច និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ទៅតាមព្រះរាជតម្រិះ ដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រធាន ក៏បានបួងសួង គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមី នៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតាឆ្នាំថ្មី ឆ្នាំ២០២១នេះ សូមប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រ ជាកូនចៅ ចៅទូត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនតរៀងទៅ៕
អត្ថបទ មុត សុទ្ធ
