អ៊ីរ៉ាក់ ៖ ការវាយប្រហារដោយយានដ្រូននៅលើអាកាសយានដ្ឋានតូចមួយ បានសម្លាប់សមាជិកបីនាក់នៃក្រុមប្រឆាំងភេរវកម្ម ឃឺដ របស់អ៊ីរ៉ាក់ ដែលប្រតិបត្តិការនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត ឃើឌីស្ថាន (Kurdistan) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
សមាជិកក្រុមការងារបីនាក់ ក៏បានរងរបួសផងដែរ នៅក្នុងការវាយប្រហារលើអាកាសយានដ្ឋាន ដែលមានចម្ងាយប្រហែល២៧គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង ស៊ូឡាយម៉ានីយ៉ាស (Sulaymaniyah) ដែលជាទីក្រុងធំទីពីរនៅក្នុងតំបន់ ឃើឌីស្ថាន ផងដែរ។
ប្រទេសទួរគី និងអ៊ីរ៉ង់នាពេលថ្មីៗនេះ បានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ ឃឺដ មកពីប្រទេសរៀងៗខ្លួន ដែលជ្រកក្នុងតំបន់ឃើឌីស្ថាន របស់អ៊ីរ៉ាក់។
អាកាសយានដ្ឋាន ដែលភាគច្រើនត្រូវបានប្រើប្រាស់ដោយយន្តហោះកសិកម្មខ្នាតតូច សម្រាប់ការបាញ់ថ្នាំសម្លាប់សត្វល្អិតថ្មីៗនេះ ត្រូវបានគេរៀបចំឡើងវិញដើម្បីប្រើប្រាស់ជាជំរំហ្វឹកហាត់សម្រាប់កងកម្លាំងប្រឆាំងភេរវកម្មឃឺដ ផងដែរ។
កងកម្លាំងឥស្សរជនទាំងនោះ ត្រូវបានផ្តោតជាចម្បងលើក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែឥឡូវនេះមានក្រុមសកម្មប្រយុទ្ធឥស្លាមផ្សេងទៀត ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនដ៏ផុយស្រួយរបស់ប្រទេសអ៊ីរ៉ាក់ជាមួយអ៊ីរ៉ង់ និងទួរគី ផងដែរ៕

