មីយ៉ាន់ម៉ា ៖ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់មីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រធានគណបក្ស NLD មួយនេះ គឺលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចាប់ខ្លួន និងឃុំឃាំងដោយក្រុមប្រឹក្សាយោធា ដោយគូសបញ្ជាក់ពីការធ្វេសប្រហែសរបស់របបយោធាក្នុងការផ្តល់ការថែទាំសុខភាពគ្រប់គ្រាន់ដល់លោកស្រី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា គណៈកម្មាធិការកណ្តាលនៃគណបក្ស NLD បានអះអាងថា ក្រុមប្រឹក្សាយោធា នឹងទទួលខុសត្រូវទាំងស្រុង ប្រសិនបើអាយុជីវិតរបស់លោកស្រីត្រូវបានរងគ្រោះថ្នាក់ ដោយសារការផ្តល់កន្លែងថែទាំសុខភាពមិនគ្រប់គ្រាន់។
សេចក្តីថ្លែងការណ៍របស់បក្ស NLD ក៏បានបង្ហាញថា លោកស្រី អ៊ុងសាន ស៊ូជី ដែលមានវ័យ៧៨ឆ្នាំ មានអាការៈហើមអញ្ចាញធ្មេញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែមិនបានទទួលការព្យាបាលគ្រប់គ្រាន់នោះទេ។ លើសពីនេះទៀត លោកស្រីត្រូវបានគេដកហូតអាហារូបត្ថម្ភត្រឹមត្រូវ និងកន្លែងស្នាក់នៅសមរម្យ ដែលធ្វើឱ្យមានការព្រួយបារម្ភថា របបយោធាអាចនឹងធ្វើឱ្យជីវិតរបស់លោកស្រី ស៊ូជី ស្ថិតក្នុងគ្រោះថ្នាក់។
គួររម្លឹកផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន៣៣ឆ្នាំ ដោយសារតែការចោទប្រកាន់ដែលបញ្ជូនដោយក្រុមប្រឹក្សាយោធា លើបទឧក្រិដ្ឋចំនួន១៩ករណី។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីដើមខែសីហា លោកស្រីត្រូវបានគេផ្តល់ការលើកលែងទោសរយៈពេលប្រាំមួយឆ្នាំសម្រាប់បទចោទចំនួន៥ករណី ដែលមានន័យថាលោកស្រី ស៊ូជី នៅតែប្រឈមមុខនឹងការជាប់ពន្ធនាគារ២៧ឆ្នាំទៀតផងដែរ៕

