ម៉ារ៉ុក ៖ អស់រយៈពេលជាងមួយសប្តាហ៍ចាប់តាំងពីគ្រោះរញ្ជួយដីកម្រិត៦,៨វ៉ិចទ័រ បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃភាគកណ្តាលប្រទេសម៉ារ៉ុកមក មនុស្សជាច្រើនព្រួយបារម្ភថា ស្ថានភាពរស់នៅដ៏អាក្រក់ និងអនាម័យមិនល្អ នឹងបង្កការគំរាមកំហែងថ្មីសម្រាប់អ្នកនៅរស់។
លោក Philippe Bonnet អគ្គនាយកសង្គ្រោះបន្ទាន់នៃអង្គការសប្បុរសធម៌បារាំងបាននិយាយថា បញ្ហាកង្វះអនាម័យ អាចនាំឱ្យមានបញ្ហាស្បែក ហើយអាកាសធាតុត្រជាក់នៅក្នុងតំបន់រងគ្រោះ អាចនាំមកនូវជំងឺផ្លូវដង្ហើម ដូចជាជំងឺរលាកទងសួតជាដើម។
ដោយសារមានលំនៅឋានត្រឹមតែពីរបីខ្នងដែលនៅសេសសល់ និងអាចរស់នៅបានប៉ុណ្ណោះក្នុងទីក្រុង ដែលរងគ្រោះដោយគ្រោះរញ្ជួយដី Amizmiz របស់ម៉ារ៉ុក បន្ទប់ទឹក និងបង្គន់បានក្លាយទៅជាប្រណីតភាពសម្រាប់អ្នករួចរស់ជីវិត ហើយទីតាំងតាំងនោះច្រើនតែមានមនុស្សច្រើន និងដោយសារតែបញ្ហានេះ អ្នករស់រានមានជីវិតជាច្រើនព្រួយបារម្ភអំពីសុវត្ថិភាពសុខភាពរបស់ពួកគេ។
គ្រោះមហន្តរាយនេះបានសម្លាប់មនុស្សជិត៣.០០០នាក់ និងមនុស្សរាប់ពាន់នាក់ទៀតរងរបួស នៅពេលដែលរញ្ជួយដីបានវាយប្រហារនៅក្នុងខេត្ត Al-Haouz ភាគខាងត្បូងនៃមជ្ឈមណ្ឌលទេសចរណ៍ Marrakech របស់ប្រទេសម៉ារុក កាលពីថ្ងៃទី៨ ខែកញ្ញា។
អ្នកនៅរស់រានមានជីវិតជាច្រើនបានស្នាក់នៅជិតភូមិដែលត្រូវបានបំផ្លិចបំផ្លាញរបស់ពួកគេ ហើយឥឡូវនេះអ្នកទាំងនោះបានស្នាក់នៅនៅក្នុងទីជម្រក និងតង់ ដែលផ្តល់ជូនដោយទីភ្នាក់ងារសេវាការពារជនស៊ីវិលរបស់ប្រទេសម៉ារ៉ុក និងជំនួយពីប្រភពផ្សេងៗទៀតផងដែរ៕

