ប៉ាគីស្ថាន ៖ កាលពីថ្ងៃចន្ទ ការិយាល័យការបរទេសប៉ាគីស្ថាន (FO) បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលចោទប្រកាន់ថា ប្រទេសនេះ បានលក់អាវុធទៅឲ្យអ៊ុយក្រែន ជាផ្នែកនៃកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ ដើម្បីទទួលបានកញ្ចប់ថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ របាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន The Intercept បានអះអាងថា ប៉ាគីស្ថាន បានចូលរួមក្នុងការលក់អាវុធសម្ងាត់ទៅឲ្យសហរដ្ឋអាមេរិក ដោយមានចេតនាផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន ហើយដូច្នេះធ្វើឲ្យប៉ាគីស្ថានជាប់ពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ការចោទប្រកាន់របស់សារព័ត៌មាន Intercept ត្រូវបានគាំទ្រដោយប្រភពពីរ ដែលដឹងពីការរៀបចំ និងឯកសារផ្ទៃក្នុងពីរដ្ឋាភិបាលប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ FO លោក Mumtaz Zahra Baloch បានច្រានចោលរឿងនេះថា «គ្មានមូលដ្ឋាន និងជាការប្រឌិត» ដោយបញ្ជាក់ថា ប៉ាគីស្ថានរក្សាគោលនយោបាយអព្យាក្រឹតភាពតឹងរ៉ឹងក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី។ អ្នកស្រី បានសង្កត់ធ្ងន់ថា «ការនាំចេញការពារជាតិរបស់ប៉ាគីស្ថានតែងតែអមជាមួយនឹងតម្រូវការអ្នកប្រើប្រាស់ចុងក្រោយ យ៉ាងតឹងរ៉ឹង។
កាលពីព្រឹកថ្ងៃចន្ទ ឯកសារលេចធ្លាយ បានបង្ហាញថា កិច្ចព្រមព្រៀងអាវុធសម្ងាត់ជាមួយសហរដ្ឋអាមេរិក បានជួយប៉ាគីស្ថានទទួលបានប្រាក់កម្ចីចំនួន ៣ពាន់លានដុល្លារពី IMF ចំពេលមានវិបត្តិសេដ្ឋកិច្ច ដែលកំពុងបន្ត។ ឯកសារនេះ ត្រូវបានគេរាយការណ៍ថា បង្ហាញពីជំនួបសម្ងាត់រវាងយោធាប៉ាគីស្ថាន និងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនាំទៅដល់ការបណ្តេញអតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន ខាន់ ( Imran Khan) ដោយសារតែជំហរអព្យាក្រឹតរបស់គាត់ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
សារព័ត៌មាន Intercept បានរាយការណ៍ថា ប៉ាគីស្ថាន បានយល់ព្រមលើកិច្ចព្រមព្រៀងអាវុធសម្ងាត់ជាមួយសហរដ្ឋអាមេរិក ដើម្បីជួយអ៊ុយក្រែនក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ ជាលទ្ធផល ប៉ាគីស្ថាន អាចទទួលបានថវិកាសង្គ្រោះពីIMFរបស់ខ្លួន។ មូលនិធិដែលបានមកពីការលក់អាវុធនេះ ត្រូវបានគេរាយការណ៍ថា បានជួយទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ឲ្យសម្រេចបាននូវគោលដៅជាក់លាក់ទាក់ទងនឹងបំណុល និងការវិនិយោគបរទេសរបស់ខ្លួន ដែលជាតម្រូវការជាមុនសម្រាប់ការធានាប្រាក់កម្ចីរបស់IMF។

