ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយរថយន្តកូរ៉េ ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់កង់ខ្ទៀតមកត្រូវបុរសម្នាក់ កំពុងតែជិះម៉ូតូបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចទល់មុខសាលាពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមាន ឈ្មោះបូ ចាន់នី អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការដោយធ្វើដំណើរដោយម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តកូរ៉េពណ៌ស មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AS-03 46 ធ្វើដំណើរបញ្ច្រាសទិសគ្នាស្រាប់តែរថយន្តបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យខ្ទៀតត្រូវជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុនឹងទាក់ទងទៅសាច់ញាតិរបស់ជនរងគ្រោះដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍យកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ កុម្ភះ




