អ៊ុយក្រែន ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងស្លូវ៉ាគី ប៉ូឡូញ និងហុងគ្រី នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការហាមឃាត់ការនាំចូលស្បៀងអាហារពីប្រទេសនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោក យូលៀ ស្វីរីឌេនកូ (Yulia Svyrydenko) បាននិយាយថា ប្រទេសជិតខាងអឺរ៉ុបរបស់ខ្លួន បានបំពានលើកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ និងបានផ្គើននឹងការបញ្ជារបស់គណៈកម្មការអឺរ៉ុប ដែលបានសម្រេចចិត្តកាលពីថ្ងៃសុក្រ មិនបន្តការហាមឃាត់ពីមុនលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសប៊ុលហ្គារី ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី។
លោក ស្វីរីឌេនកូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងក្នុងការបង្ហាញថា រដ្ឋជាសមាជិកនីមួយៗ មិនអាចហាមឃាត់ការនាំចូលទំនិញរបស់អ៊ុយក្រែនបានទេ»។ នោះគឺជាមូលហេតុដែលយើងដាក់ពាក្យប្ដឹងពួកគេទាំងនោះ»។
លោកបានបន្ថែមថា៖«ក្នុងពេលជាមួយគ្នានេះ យើងសង្ឃឹមថា ប្រទេសទាំងនេះ នឹងលុបចោលការរឹតបន្តឹងរបស់ពួកគេ ហើយយើងនឹងមិនចាំបាច់ដោះស្រាយបញ្ហា នៅក្នុងតុលាការរយៈពេលយូរនោះទេ»។

