ក្របខណ្ឌបាល់បោះអាមេរិក NBA បានចេញច្បាប់ថ្មីសម្រាប់អនុវត្តនៅរដូវកាលថ្មីខាងមុខនេះ ដោយក្រុមនីមួយៗមិនអាចទុកឱ្យកីឡាករល្បីៗរបស់ខ្លួនសម្រាកលើសពីម្នាក់ឡើយក្នុងមួយប្រកួត ខណៈក្រុមដែលល្មើស នឹងត្រូវរងការពិន័យខ្ទង់លានដុល្លារ។
កីឡាករដែលចាត់ទុកជាកីឡាករល្បី រឺ Superstar នោះ គឺជាកីឡាករដែលត្រូវជ្រើសរើសនៅក្នុង NBA All-Star ក្នុងរយៈពេល ៣ រដូវកាលចុងក្រោយ។

នាយកគ្រប់គ្រងរបស់ NBA លោក Adam Silva ឱ្យដឹងថា កីឡាករដែលល្បីឈ្មោះ គួរតែមានវត្តមានលើទីលាន ពួកគេជាក្តីរំពឹងរបស់អ្នកគាំទ្រ។
ក្រុមនៅក្នុងក្របខណ្ឌ NBA ទាំងអស់នឹងត្រូវប្រកួតគ្នាសរុប ៨២ ប្រកួតរដូវកាលថ្មីនេះដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែតុលាបញ្ចប់នៅថ្ងៃទី ១៩ ខែមេសាឆ្នាំក្រោយ មុនឈានដល់វគ្គ Play-Offs។
រំលឹកថា ថ្វីបើច្បាប់ថ្មីនេះទើបចាប់ផ្តើមអនុវត្តជាទូទៅក្តីសម្រាប់រដូវកាលថ្មីខាងមុខ តែ NBA ក៏ធ្លាប់បានពិន័យក្លិបបាល់បោះ Dallas Mavericks កាលពីខែមេសាកន្លងទៅចំនួន ៧៥ ម៉ឺនដុល្លារអាមេរិក ដែលបានទុកឱ្យកីឡាករសំខាន់ៗជាច្រើននាក់សម្រាក ដោយ NBA ចោទប្រកាន់ថា ជាគោលបំណងធ្វើចាញ់៕ អត្ថបទ៖នាង សុភាវុធ


