ភ្នំពេញ៖ ជំនួប រវាងវិនិយោគិនធុរកិច្ចចិន និងកម្ពុជា នៅគម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រ នៅព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ បានគ្រោងវិនិយោគជាច្រើន។
លោកប៉េង ហាយហ្កាង (PengHuaigang) តំណាងអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិច វ៉ាន់យូ(Wanyou Electrinic Technology)ខេត្តក្វាងទុង និងលោក យ៉ាង ហ្ស៊ុងចាវ (Yang Zongchao) តំណាងវិនិយោគិនធុរកិច្ចចិន បានឲ្យដឹងស្រដៀងគ្នាថា យុទ្ធសាស្ត្រ "ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ" របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ក៏ទទួលបានការគាំទ្រនិងធ្វើកិច្ចសហប្រតិបត្តិការពីកម្ពុជា និងប្រទេសនានា ក្នុងតំបន់និងក្នុងពិភពលោក ព្រោះបានសម្រេចនូវគោលដៅអភិវឌ្ឍន៍និងមានផលប្រយោជន៍។
ក្រុមធុរកិច្ចចិន បានបញ្ជាក់ថា នាឆ្នាំចុងក្រោយថ្មីនេះ ក្រុមហ៊ុនខាងផ្នែកកសិកម្ម, ថាមពល និងផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិច មកពីខេត្តក្វាងទុង បានឃើញសក្តានុពលដ៏ធំនៃទីផ្សារកម្ពុជា និងប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគបរទេសមកជម្រុញការអភិវឌ្ឍនួសេដ្ឋកិច្ច។ ហេតុនេះ ជំនួបនេះនឹងផ្តល់នូវឱកាសសម្រាប់វិនិយោគិនក៏ដូចធុរជនចិនសម្រាប់គម្រោងវិនិយោគរបស់ពួកគេផងដែរ។ ក្នុងនោះ រួមមាន៖ ១.គម្រោងសហគ្រាសឧទ្យានដ៏ធំនៅកម្ពុជា ដែលរួមមានការស្រាវជ្រាវវិទ្យាសាស្ត្រ ការផលិតគ្រឿងអេឡិចត្រូនិច កសិកម្ម ថាមពលបៃតង...ដែលផលិតផលទាំងនោះ នឹងអាចប្រកួតប្រជែងឈ្នះទីផ្សារ។ ២.គម្រោងវិនិយោគលើវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស និង៣.វិនិយោគលើវិស័យកសិកម្មវាលស្មៅបៃតង ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ ថាមពលស្អាតថ្មីនិងការការពារបរិស្ថាន។ ក្នុងនោះ ក្រុមហ៊ុននឹងអនុវត្តតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងថាមពលស្អាត និងថាមពលកកើតឡើងវិញ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា គម្រោងបើកច្រកតំបន់ថ្មីមួយ រវាងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ និងស្រុកតាប្រ៉ាយ៉ា ខេត្តស្រះកែវនេះ ភាគីទាំងពីរបានចុះសិក្សា ជួបប្រជុំពិភាក្សា និងធ្វើរបាយការណ៍សំណើទៅដល់ក្រសួងមហាផ្ទៃនៃប្រទេសរៀងៗខ្លួនហើយ។ ឯកឧត្តម បានបន្តថា សក្តានុពលរបស់ខេត្តបន្ទាយមានជ័យ គឺមានច្រើនវិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។ ហើយខេត្ត រួមជាមួយខេត្ត៣ទៀត ក៏ស្ថិតក្នុងជម្រើសបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិនស៊ី ជិនពឹង។ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនេះ ក៏បានដាក់ចេញយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ដើម្បីជម្រុញអភិវឌ្ឍន៍កម្ពុជាបន្ថែមទៀត៕ ដោយ ៖ បូរ៉ាវី






