ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបង្កើតប្រព័ន្ធ Hotline ជាយន្តការបន្ថែមលុបបំបាត់បញ្ហាគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជុំវិញបញ្ហាគ្រឿងញៀនដែលកំពុងក្លាយជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ BTV News ឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា អនុវត្តតាមការប្ដេជ្ញាចិត្តដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្ដេជ្ញាចិត្តចំពោះមុខប្រជាពលរដ្ឋ ក្នុងគោលបំណងនៃបេសកកម្មអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ លើការបង្ក្រាប ដើម្បីឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន និងក្រោមការដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រេចបង្កើតhotline ដើម្បីទទួលព័ត៌មាននានាពីគ្រប់មជ្ឈដ្ឋាន មិនថាប្រជាប្រជាពលរដ្ឋ និងសង្គមស៊ីវិល ហើយធានាការសម្ងាត់ ក្នុងគោលដៅស្វែងរកការពិត និងចាត់វិធានការភ្លាមៗ។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា គ្រឿងញៀនដែលរកឃើញ និងបង្ក្រាបបានកន្លងមកមានប្រមាណ ៩០ភាគរយមកពីបរទេស ដោយនាំចូលច្រើនជាងគេ គឺតាមផ្លូវគោក និងមួយចំនួនទៀតជាករណីកែច្នៃក្នុងប្រទេស ខណៈឯកឧត្តម អះអាងថា កម្ពុជាជាប្រទេសដែលឧក្រិដ្ឋជនឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀនតែប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ បន្តថា ឯកឧត្តមសន្តិបណ្ឌិត នេ សាវឿន ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវសកម្មភាពគឺកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដោយអនុវត្តព្រមគ្នាទាំងគោលនយោបាយ និងអនុវត្តច្បាប់ ធ្វើយ៉ាងណាឲ្យការប្រយុទ្ធប្រឆាំង និងបង្ក្រាបការជួញដូរគ្រឿងញៀនទទួលបានប្រសិទ្ធភាព។
លើសពីនេះ នាយឧត្តមសេនីយ៍ បន្ថែមថា ផ្អែកតាមការអនុវត្តគោលនយោបាយកន្លងមកពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរកឃើញក្នុងចំណោមក្លឹបកម្សាន្ត និងខារ៉ាអូខេនៅទូទាំងប្រទេស ចំនួនប្រមាណ ១,៣០០កន្លែងនោះមានពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលបញ្ហានេះស្ថិតក្នុងការឈានទៅលុបបំបាត់ តាមរយៈការធ្វើកិច្ចសន្យា និងការគ្រប់គ្រងជាមួយម្ចាស់ទីតាំង និងម្ចាស់អាជីវកម្មឱ្យបានច្បាស់លាស់ជាងមុន ដើម្បីឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ចក្នុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឬបោះសំអាតគ្រឿងញៀននៅតាមទីតាំងទាំងអស់នោះ៕ អត្ថបទ៖ ឧត្តម