កំពត ៖ មនុស្ស៨នាក់ហើយត្រូវបានធ្វើតេស្តបឋមឃើញវិជ្ជមានកូវីដ-១៩ ហើយមនុស្សជាង១០០នាក់ផ្សេងទៀត កំពុងបន្តធ្វើតេស្ត ករណីនេះ មន្ត្រីជំនាញថា អាចមានអ្នកផ្ទុកច្រើននាក់ទៀត ប៉ុន្តែលទ្ធផលនឹងដឹងច្បាស់ នៅពេលរសៀលថ្ងៃទី២៩ ខែឧសភានេះ។
អាជ្ញាធរស្រុកកំពង់ត្រាច នៅថ្ងៃនេះ បានចុះទៅបិទខ្ទប់ បរិវេណកាស៊ីណូសុខ គឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកំពង់ត្រាច ដើម្បីឱ្យមន្ត្រីជំនាញធ្វើតេស្ត មនុស្សជាង១០០នាក់ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤ នាក់ កាលពីយប់ថ្ងៃទី២៨ ខែឧសភា កន្លងទៅ ។
លោកវេជ្ជបណ្ឌិតពៅ សារី ប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែឧសភា ក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញបុគ្គលិកកាស៊ីណូសុខ គឹមម៉េង ៤នាក់ មានវិជ្ជមានកូវីដ១៩។ ហើយនៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ នៅបន្តធ្វើតេស្តនៅឡើយ ហើយរហូតមកដល់ វេលាម៉ោង១០ព្រឹកនេះ ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានបួននាក់បន្ថែមទៀត។
លោកវេជ្ជបណ្ឌិត បានព្យាករណ៍ថា អាចនឹងមានអ្នកវិជ្ជមានជាច្រើននាក់បន្ថែមទៀត តែពេលនេះ ក្រុមមន្ត្រីជំនាញ និងគ្រប់ផ្នែកពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំបំផុត។
ចំណែកលោកវេជ្ជបណ្ឌិត ហេង ចន្ថា ប្រធានកក្រុមការងារឆ្លើយតបបន្ទាន់កូវីដ-១៩ ខេត្ត បានប្រាប់ថា ក្រុមការងារជាច្រើនក្រុម កំពុងធ្វើសេត្តបន្ត ដូច្នេះលោកមិនទាន់អាចប្រាប់ចំនួនអ្នកវិជ្ជាមានកូកូវីដ-១៩ នៅកាស៊ីណូនេះ បាននៅឡើយទេ លទ្ធផលសរុបអាចចេញនៅពេលរសៀល។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ទោះបីស្ថិតក្នុងដំណាក់កាល នៃវិបត្តិកូវីដ-១៩ ក្តី កាស៊ីណូសុខគឹមម៉េងនៅតែដំណើរការបើកលេងជាធម្មតា ដោយមិនមានការអាក់ខានឡើយ។ ហើយអ្នកលេងភាគច្រើនលើសលប់ជាជនជាតិខ្មែរ ត្បិតខាងភាគីវៀតណាមបានរឹតត្បិតមិនឱ្យពលរដ្ឋរបស់គេឆ្លងចូលមកកម្ពុជាឡើយ៕
អត្ថបទ ៖ អាន សារីម



