ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ចើញដឹកនាំក្រុមការងារក្រសួង តំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច នៅចំពោះមុខគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ គឺគណៈកម្មការទី៤ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គប្រជុំថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានយល់ឃើញថា វិស័យអធិការកិច្ចគឺជាមូលដ្ឋានសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថលជាដើម ក្នុងនេះបន្ទាប់ពីបានស្តាប់នូវការពន្យល់ និងមតិបំភ្លឺរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួសមុខឱ្យគណៈកម្មការទី៤ នៃព្រឹទ្ធសភា ឯកឧត្តម សុខ ឥសាន បានសម្តែងនូវការគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុងដោយពុំមានការកែប្រែ ហើយ គណៈកម្មការទី៤ នៃព្រឹទ្ធសភា នឹងធ្វើសំណើទៅគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីបញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ៕ ផលិត គង់ រ៉េន