
លោក Yuan Jialiang គឺជាអ្នករៀបចំផែនការអាពាហ៍ពិពាហ៍នៅក្នុងទីក្រុងសៀងហៃ អស់រយៈពេល ១ទសវត្សរ៍មកហើយ ប៉ុន្តែមុនការរីករាលដាលឆ្លងសកលជំងឺ COVID-19 លោកបានចាប់ផ្តើមប្តូរអាជីពមកធ្វើជាជាងថតរូបអាពាហ៍ពិពាហ៍វិញ ស្របពេលដែលអាពាហ៍ពិពាហ៍នៅទូទាំងប្រទេសចិន កាន់តែក្សត់ខ្សោយទៅ ទាំងចំនួនរៀបការ និងទំហំកាន់តែតូចជាងមុន ។
បុរសវ័យ ៤៦ឆ្នាំរូបនេះ បានពន្យល់ពីហេតុផលដែលលោកផ្លាស់ប្តូរផ្លូវអាជីពរបស់លោកថា មិនសំខាន់ថាអាពាហ៍ពិពាហ៍ផ្លាស់ប្តូរច្រើនបែបណាទេ ហើយក៏មិនសំខាន់ថា ទំហំអាពាហិពិពាហ៍តូច ឬធំបែបណាទេ ពួកគេនៅមានតម្រូវការថតរូបមុនអាពាហ៍ពិពាហ៍ ។
លោកបន្តថា លោកប្រហែលជានៅមានសង្ឃឹមថា ឧស្សាហកម្មមួយនេះ នឹងរីកចម្រើនវិញ ប៉ុន្តែឥឡូវលោកកាន់តែព្រួយបារម្ភជាងការមានសុទិដ្ឋិនិយមចំពោះទស្សនីយភាពមួយនេះ ។
ការធ្លាក់ចុះចំនួនចុះសំបុត្រអាពាហ៍ពិពាហ៍ អាចនឹងធ្វើឲ្យមានការធ្លាក់ចុះផងដែរចំនួនទារកកើតថ្មីនៅក្នុងប្រទេសចិន ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចយឺតយ៉ាវរបស់ចិន កំពុងធ្វើឲ្យប៉ះពាល់ដល់ផែនការរបស់គូស្រករ ក្នុងការរៀបការ ឬមានបុត្រ ។
មាននូវអាពាហ៍ពិពាហ៍ ៦,៨លានគូ នៅទូទាំងប្រទេសចិនកាលពីឆ្នាំមុន ពោលគឺមានចំនួន ៨០ម៉ឺនគូតិចជាងកាលពីឆ្នាំ ២០២១ ហើយនិងជាចំនួនទាបបំផុត ចាប់តាំងពីរដ្ឋាភិបាល ចាប់ផ្តើមចេញផ្សាយទិន្នន័យកាលពីឆ្នាំ ១៩៨៦ ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមអ្នករៀបផែនការអាពាហ៍ពិពាហ៍ ក្រុមអ្នកឆ្នៃម៉ូតសម្លៀកបំពាក់ ក្រុមអ្នកលក់ផ្កា និងក្រុមជាងថតរូប ៕