
ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) នេះ បានប្រកាសពីគំរូបាតុភូតអាកាសធាតុ El Nino កំពុងប្រព្រឹត្តទៅ ខណៈដែលភាគអាគ្នេយ៍របស់ប្រទេសនេះ បានទទួលរងនូវរលកកម្ដៅក្ដៅខ្លាំង ក្នុងនិទាឃរដូវ។
អ្នកព្យាករណ៍ពីការិយាល័យឧតុនិយម (BOM) លោក Karl Braganza បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសអូស្ត្រាលីកំពុងជួបប្រទះស្ថានភាពធ្ងន់ធ្ងររួចទៅហើយ នៅក្នុងផ្នែកខ្លះនៃទ្វីប ជាពិសេសក្នុងរយៈពេលអាកាសធាតុឡើងក្ដៅ។ លោក Braganza បានបន្ថែមថា រយៈពេលអាកាសធាតុឡើងក្ដៅ និងក្ដៅហួតហែង នឹងអូសបន្លាយ រហូតដល់ពេលចាប់ផ្តើមនិទាឃរដូវ។
រដូវកាលចំហេះព្រៃចំនួន២ចុងក្រោយរបស់ប្រទេសអូស្ត្រាលីមានសភាពធូរស្រាល បើប្រៀបធៀបទៅនឹងចំហេះព្រៃ «Black Summer» ឆ្នាំ២០១៩-២០២០ ដែលបានបំផ្លាញតំបន់មួយមានទំហំស្មើនឹងប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់ ប៉ុន្តែការប្រកាសអំពីបាតុភូត El Nino បានបង្កើនហានិភ័យពីការមានចំហេះព្រៃនៃរដូវកាលខាងមុខនេះ។
ការប្រកាសរបស់ BOM អំពីបាតុភូត El Nino នេះ ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍អាកាសធាតុឡើងក្ដៅខ្លាំង រាប់តាំងពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតនោះ កើតឡើងនៅចំពេលមានការកើតមាននូវការឡើងកម្ដៅនិទាឃរដូវដែលមិនធ្លាប់មានរយៈពេល ៥ថ្ងៃ នៅក្នុងតំបន់មួយចំនួននៃប្រទេស។ រលកកម្ដៅត្រូវបានគេព្យាករថា នឹងបន្តរហូតដល់ថ្ងៃពុធ ដែលជំរុញឲ្យសីតុណ្ហភាពកើនឡើងលើសពីមធ្យមភាគខែកញ្ញា៕