
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អេរដូហ្គែន ( Recep Tayyip Erdogan) បាននិយាយថា លោកជឿជាក់លើប្រទេសរុស្ស៊ីដូចដែលលោកជឿជាក់លើលោកខាងលិចដែរ។
ដោយពន្យល់ពីជំនួបនាពេលថ្មីៗនេះជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោកអេរដូហ្គែន បានថ្លែងថា លោកបានបរាជ័យក្នុងការធ្វើឲ្យគាត់បន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលវិមានក្រឹមឡាំង បានដកខ្លួនចេញកាលពីខែកក្កដា ប៉ុន្តែបានសន្យាថា រុស្ស៊ី នឹងផ្តល់គ្រាប់ធញ្ញជាតិចំនួន ១លានតោនទៅកាន់ទ្វីបអាហ្វ្រិក។
លោកអេរដូហ្គែន បាននិយាយក្នុងអំឡុងពេលបទសម្ភាសមួយកាលពីល្ងាចថ្ងៃចន្ទជាមួយទូរទស្សន៍ PBS នៅទីក្រុងញូវយ៉ក ជាកន្លែងដែលលោក កំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ខ្ញុំគ្មានហេតុផលណាដែលមិនជឿទុកចិត្តពួកគេទេ។
លោកបានបន្តថា៖«ចំពោះកម្រិត ដែលលោកខាងលិចអាចជឿទុកចិត្តបាន ប្រទេសរុស្ស៊ី ក៏អាចជឿទុកចិត្តបានដូចគ្នា។ ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ យើងបានរង់ចាំនៅមាត់ទ្វាររបស់ EU ហើយនៅពេលនេះ ខ្ញុំជឿជាក់លើរុស្ស៊ីដូច ដែលខ្ញុំជឿជាក់លើលោកខាងលិចដែរ។