
សកម្មជនស៊ូដង់ម្នាក់កាលពីថ្ងៃចន្ទ បានរិះគន់ក្រុមមេដឹកនាំពិភពលោកចំពោះការមិនរាប់បញ្ចូលក្រុមយវជនក្នុងការសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់អនាគតនៃភពផែនដី ហើយបានជំរុញឲ្យពួកគេបង្កើនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ។
ថ្លែងទៅកាន់សាលប្រជុំនៃក្រុមប្រមុខរដ្ឋនិងឥស្សរជននៅឯកិច្ចប្រជុំកំពូលប្រឆាំងភាពក្រីក្ររបស់UNនៅទីក្រុងញូវយ៉ក វេជ្ជបណ្ឌិតស៊ូដង់ និងសកម្មជនសិទ្ធិស្ត្រី អ្នកស្រី Mayada Adil បាននិយាយថា៖«ខ្ញុំមិនបានឃើញកុលសម្ព័ន្ធរបស់ខ្ញុំទេ ដែលជាកុលសម្ព័ន្ធយុវជនទេ»។
អ្នកស្រី Adil បានបន្ថែមថា៖«ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកមានអាយុក្រោម ៣០ឆ្នាំ។ ប៉ុន្តែយើងមិនត្រូវបានរាប់បញ្ចូល ហើយត្រូវបានដកចេញពីកន្លែងធ្វើការសម្រេចចិត្តទាំងអស់។«យើងត្រូវការមនុស្សវ័យក្មេង នៅក្នុងភាពចម្រុះគ្នាទាំងអស់របស់យើងដែលត្រូវបានគេមើលឃើញ និងស្តាប់ឮនៅក្នុងគោលនយោបាយនេះ និងការធ្វើការសម្រេចចិត្ត»។
ក្រុមមេដឹកនាំពិភពលោក បានជួបប្រជុំនៅអង្គការសហប្រជាជាតិនៅថ្ងៃចន្ទ ដើម្បីជំរុញឆ្ពោះទៅមុខនូវអ្វីដែលគេហៅថា គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃការលុបបំបាត់ភាពក្រីក្រ និងភាពស្រេកឃ្លានយ៉ាងខ្លាំង និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០៣០។