
លោក Xu Wei អ្នកនាំពាក្យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) បាននិយាយកាលពីថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) ថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ដែលគិតជាទឹកប្រាក់មានតម្លៃ ៣០លានយ័ន (ប្រហែល ៤,១លានដុល្លារអាមេរិក) ដល់ប្រទេសលីប៊ី ដែលរងផលប៉ះពាល់ដោយទឹកជំនន់ សម្រាប់ប្រតិបត្តិជំនួយសង្គ្រោះ។
លោក Xu បាននិយាយថា ការផ្ដល់ជំនួយរបស់ប្រទេសចិន ដោយភាគច្រើន រួមមានតង់ ភួយ សំណុំនៃសម្ភារថ្នាំពេទ្យ ឧបករណ៍ចុចបូមទឹកដោយដៃ និងឧបករណ៍ចល័តសម្រាប់វិភាគហ្វ្រេកង់អុលត្រាសូនិកពណ៌ ដោយការផ្ដល់នេះផ្អែកលើតម្រូវការរបស់ភាគីលីប៊ី។
លោក Osama Ali អ្នកនាំពាក្យនាយកដ្ឋានសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលរបស់ប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅថា ទឹកជំនន់ដ៍អាក្រក់ ដែលបណ្តាលមកពីការបាក់ទំនប់ នៅមួយសប្តាហ៍មុន បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥.៥០០នាក់ និងជាង ៧.០០០នាក់ទៀតរងរបួស ដោយលោកបន្ថែមថា មនុស្សជាង ១០.០០០នាក់ នៅតែបាត់ខ្លួន ក្នុងហេតុការណ៍ទឹកជំនន់ ដែលភាគច្រើន នៅភាគខាងកើតទីក្រុង Derna។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ទូរទស្សន៍ Al Arabia TV បានរាយការណ៍ថា សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហម (IFRC) បានឲ្យដឹងថា មនុស្សជាង ៨០០.០០០នាក់ នៅក្នុងប្រទេសលីប៊ី ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ ដែលស្មើនឹង ១១.៤ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះ៕