
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach កាលពីថ្ងៃចន្ទ បានជំរុញឲ្យមនុស្សដែលមានអាយុ៦០ឆ្នាំ ឬលើសពីនេះ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19សម្រាប់ដូសជំរុញ ដោយលោកអះអាងថា ការឆ្លងនៅមិនទាន់បញ្ចប់នោះទេ។
លោក Lauterbach ដែលបានឈានចូលដល់វ័យ ៦០ឆ្នាំនៅក្នុងឆ្នាំនេះ បានថ្លែងបែបនេះ ក្រោយបំពេញទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកងទ័ពអាល្លឺម៉ង់ ស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ជាទីដែលលោកទទួលការចាក់វ៉ាក់សាំងសម្រាប់ដូសជំរុញ ហើយលោកបានព្យាករណ៍ថា ករណីឆ្លងជំងឺ COVID-19 នឹងហក់ឡើងខ្ពស់ម្តងទៀតនៅនិទាឃរដូវខាងមុខនេះ។
លោកថា លោកទើបទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពីគ្រូពេទ្យកងទ័ពជាន់ខ្ពស់អាល្លឺម៉ង់លោក Mueller សម្រាប់ដូសធ្វើបច្ចុប្បន្នភាពនៅទីនេះ នៅមន្ទីរពេទ្យកងទ័ព Bundeswehr ។
លោកបន្តថា តើហេតុអ្វីបានជាលោកត្រូវធ្វើបែបនេះ? ពួកយើងត្រូវចាំថា ជំងឺ COVID-19មិនទាន់បានបញ្ចប់នោះទេ ។ សម្រាប់អ្នកដែលមានវ័យ ៦០ឆ្នាំ ឬមនុស្សដែលប្រឈមនឹងកត្តាជំងឺជាច្រើន គួរតែមកទទួលវ៉ាក់សាំងបង្ការសម្រាប់ដូសជំរុញ។
សមាគមក្រុមអ្នកអនុវត្តន៍ទូទៅ បាននិយាយឲ្យដឹងកាលពីសប្តាហ៍មុនថា តម្រូវការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19សម្រាប់ដូសជំរុញ នៅមានកម្រិតទាបក្នុងប្រទេសអាល្លឺម៉ង់ ក្នុងនោះអ្នកជំងឺមួយចំនួន បានរង់ចាំដូសជំរុញ ដែលត្រូវបានផលិតឡើងប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron BA.4/5៕