អ៊ីស្រាអែល៖ អតីតសម្ព័ន្ធមិត្តរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមគណបក្សគូប្រជែងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ ដែលជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅការបញ្ចប់ របបដឹកនាំជាយករដ្ឋមន្ត្រីរបស់លោក។

សេចក្ដីប្រកាសដ៏រំជើបរំជួលធ្វើឡើងដោយលោក Naftali Bennett មេដឹកនាំបក្សប្រឆាំងតូចប្រកាន់តឹង យ៉ាមីណា (Yamina) បានកំណត់គោលដៅសម្រាប់ជំហានបន្តបន្ទាប់ ដែលអាចរុញដោលឲ្យលោក Netanyahu និងគណបក្សចម្រុះលីកូដរបស់លោកត្រូវវាយតបតនៅសប្ដាហ៍នេះ។ ស្របពេលដែល លោក Bennett និងដៃគូថ្មីរបស់ខ្លួនដែលដឹកនាំដោយមេដឹកនាំបក្សប្រឆាំងគឺលោក Yair Lapid នៅតែប្រឈមនឹងឧបសគ្គមួយចំនួន ភាគីទាំងពីរហាក់ដូចជាមានភាពម៉ឺងម៉ាត់ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ និងការបញ្ចប់ភាពជាប់គាំង ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងការបោះឆ្នោតចំនួន ៤លើកក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យបានប្រតិកម្ម ទៅនឹងការប្រកាសរបស់គណបក្សប្រកាន់តឹងតូចមួយដែលថា ពួកគេនឹងព្យាយាមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយជាមួយគូប្រជែងរបស់លោក ដោយចាត់វិធានការសំខាន់ឆ្ពោះទៅរកការបញ្ចប់ការគ្រប់គ្រងរយៈពេល ១២ឆ្នាំរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍មួយ លោក Netanyahu បានទទូចដល់ក្រុមអ្នកនយោបាយជាតិនិយម ដែលបានចូលរួមក្នុងកិច្ចចរចាចម្រុះនេះ កុំបង្កើតអ្វីដែលលោកហៅថា រដ្ឋាភិបាលឆ្វេងនិយម៕
អត្ថបទ៖ សុខមាន