ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោក Sune Svenningsen ប្រធាននាយកប្រតិបត្តិរបស់ International SOS ប្រចាំប្រទេសសិង្ហបុរី, នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាលនេះ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sune Svenningsen និងសហការី International SOS ដែលបានមកសុំជួបពិភាក្សា ដើមី្បពិនិត្យលទ្ធភាពក្នុងការស្នើសុំកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍសេវាថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា។
លោក Sune Svenningsen បានថ្លែងអបអរសាទរ និងជូនពរ ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោក បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា International SOS គឺជាក្រុមហ៊ុនវេជ្ជសាស្ត្រដែលមានបទពិសោធន៍ខ្ពស់ជាង ៣៦ឆ្នាំ ក្នុងការគាំទ្រ និងបានផ្តល់សេវាកម្មជាច្រើនរួមមាន ព័ត៌មានសុខភាព និងហានិភ័យ (Health and Risk information) ការគាំទ្រផ្នែកថែទាំសុខភាព ជំនួយផ្នែកវេជ្ជសាស្រ្ដ ការជម្លៀសក្នុងគ្រាមានអាសន្ន និងមានលទ្ធភាពទូលំទូលាយក្នុងការធ្វើលទ្ធកម្មក្នុងការផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងៗ ព្រមទាំងស្នើសុំក្រសួងសុខាភិបាលផ្តល់កិច្ចសហការ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត International SOS បន្តពិភាក្សាលម្អិតជាមួយនឹងមន្ត្រីបច្ចេកទេស នៃក្រសួងសុខាភិបាល ដើមី្បជួយគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា ជាពិសេសសូមសិក្សាលើលទ្ធភាពក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ និងបញ្ជូនភ្ញៀវទេសចរនៅតំបន់ដាច់ស្រយាល ព្រមទាំងពិចារណាលើកិច្ចសហប្រតិបត្តិការដើមី្បឆ្លើយតបពេលមានគ្រោះអាសន្នធម្មជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជនកម្ពុជា។ ម៉្យាងវិញទៀត សូមឱ្យ International SOS មានការសហការជិតស្និទ្ធរបស់បុគ្គលិកជំនាញរបស់ខ្លួន ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលសំដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់រដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចឆ្លើយតប លោក Sune Svenningsen បានសន្យានឹងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការវិស័យវិនិយោគគិនលើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជម្រុញឱ្យសមាគមធុរកិច្ចសិង្ហបុរី សហការ និងបង្កើនទំនាក់ទំនងការងារជាមួយព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរ លោក Sune Svenningsen និងគណៈប្រតិភូទាំងអស់ សូមទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជា និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕ អត្ថបទ ៖ រដ្ឋា

















