ប្រភពពីមន្ត្រីជាន់ខ្ពស់កាណាដាមួយរូប បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកាណាដា បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយសហរដ្ឋអាមេរិក លើរបាយការណ៍ចារកម្ម ដែលថាក្រុមទីភ្នាក់ងារឥណ្ឌាត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មលើមេដឹកនាំសាសនាស៊ីគ (Sikh) នៅក្នុងខេត្តប្រីធីស កូឡុំប៊ី (British Columbia) កាលពីដើមឆ្នាំនេះ ។
លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) បានប្រកាសកាលពីថ្ងៃចន្ទថាទីភ្នាក់ងារចារកម្មក្នុងប្រទេស បានកំពុងស្វែងរកដាក់ការចោទប្រកាន់គួរឱ្យទុកចិត្តបានលើក្រុមទីភ្នាក់ងាររបស់ទីក្រុង New Delhi ពីបទបាញ់សម្លាប់សកម្មជនលោក ហាឌីប ស៊ីញ នីចា (Hardeep Singh Nijjar) វ័យ៤៥ឆ្នាំកាលពីខែមិថុនាឆ្នាំនេះ។
កាលពីថ្ងៃអង្គារ លោក Trudeau បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថាករណីនេះ មានផលវិបាកយ៉ាងទូលំទូលាយនៅក្នុងច្បាប់អន្តរជាតិ ហើយបានជំរុញឱ្យរដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់លើបញ្ហានេះ និងជួយកាណាដា ស៊ើបអង្កេតរឿងនេះឱ្យបានពេញលេញ។
ប្រទេសឥណ្ឌា បានច្រានចោលការបញ្ជាក់របស់លោក Trudeau ថាជាការអះអាងមិនសមហេតុផល និង បាននិយាយថា ខ្លួនបានបណ្ដេញអ្នកការទូតកាណាដា មួយវិញជាការសងសឹកបន្ទាប់ពីកាណាដា បានបណ្ដេញមន្ត្រីចារកម្មជាន់ខ្ពស់របស់ឥណ្ឌាកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ។
ជម្លោះថ្មីៗនេះ ទាញទម្លាក់ទំនាក់ទំនាក់ការទូតឲ្យកាន់តែយ៉ាប់យ៉ឺនថែមទៀត លើទំនាក់ទំនាក់ដែលកំពុងប្រះស្រាំជាច្រើនឆ្នាំមកនេះ ខណៈដែលទីក្រុង New Delhi មិនសប្បាយចិត្តជុំវិញសកម្មភាពរបស់សកម្មជនរបស់ជនផ្ដាច់ខ្លួនកាន់សាសនាស៊ីគនៅក្នុងប្រទេសកាណាដា៕

