ហ្គាតេម៉ាឡា៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា លោកនឹងប្រគល់តំណែងប្រធានាធិបតីទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ។
ការអត្ថាធិប្បាយរបស់លោក Giammattei នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យនៃរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។
កាលពីសប្តាហ៍មុន ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ក្នុងប្រទេសហ្គាតេម៉ាឡា បានឆ្មក់ចូលកន្លែងបោះឆ្នោត និងបើកសន្លឹកឆ្នោតដែលបានបិទជិត ដោយក្នុងនោះប្រធានាធិបតីជាប់ឆ្នោតលោក Bernardo Arevalo និងគណបក្ស Semilla របស់លោកបានទទួលជ័យជម្នះ។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ភាពមិនប្រក្រតីក្នុងការចុះឈ្មោះសមាជិកបក្ស Semilla មុនការបោះឆ្នោត ដែលគណបក្សនេះបានបដិសេធ។ លោក Giammattei ក៏បានរិះគន់ «ការជ្រៀតជ្រែកពីបរទេសដែលមិនចាំបាច់» នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសមួយនេះផងដែរ៕

