ឥណ្ឌា៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាភាគខាងជើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។
ដោយលើកពាក្យស្លោករួមជាមួយរូបផូស្ទ័ររបស់លោក Trudeau ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។
កាណាដា មានចំនួនប្រជាជនកាន់សាសនាស៊ីគច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ ជាសាសនារបស់ពួកគេក្នុងជំរឿនកាលពីឆ្នាំ២០២១។
លោក Trudeau បានប្រាប់សភានៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃចន្ទថា រាល់ការជាប់ពាក់ព័ន្ធនៃរដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការបំពានមិនអាចទទួលយកបាន នៃអធិបតេយ្យភាពរបស់យើង ។
មេដឹកនាំការតវ៉ា បាននិយាយថា លោក Trudeau កំពុងព្យាយាមប្រមូលការគាំទ្រខាងនយោបាយក្នុងចំណោមអ្នកកាន់សាសនាស៊ីគ នៅកាណាដា ដោយចោទប្រកាន់ឥណ្ឌាថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះទៅវិញ៕

