អាមេនី៖ នគរបាលអាមេនី បានប្រើគ្រាប់បែកដៃដើម្បីបំបែកក្រុមបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលមួយក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan) កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងបាតុកម្មប្រឆាំងនឹងអំពើហិង្សានៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា រួមទាំងមន្ត្រីនគរបាល ហើយអ្នកតវ៉ាមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ។
ក្រុមអ្នកតវ៉ាបាននិយាយថា «អង្គការសហប្រជាជាតិត្រូវតែធ្វើតាមអាណត្តិរបស់ខ្លួន ព្រោះតែប្រជាជននៅទីតំបន់នេះកំពុងរងទុក្ខ។ មានអំពើប្រល័យពូជសាសន៍ មានការបោសសម្អាតជនជាតិភាគតិច មានភាពអត់ឃ្លាន មានអ្វីៗគ្រប់យ៉ាងដែលអង្គការសហប្រជាជាតិប្រឆាំង កំពុងកើតឡើងនៅទីនេះ ហើយពួកគេត្រូវធ្វើអ្វីម្យ៉ាង ព្រោះពួកគេជាអង្គការពិភពលោកតែមួយគត់ ដែលមានអាណត្តិអាចរកដំណោះស្រាយសម្រាប់បញ្ហាទាំងនេះបាននាពេលបច្ចុប្បន្ន»។
អាស៊ែបៃហ្សង់បានបញ្ជូនកងទ័ព ដែលគាំទ្រដោយការវាយប្រហារដោយកាំភ្លើងធំចូលទៅក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ដែលគ្រប់គ្រងដោយអាមេនីកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់ដែលបែកបាក់មួយនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយបង្ខំ ដោយបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី។
ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកមួយនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមអាជ្ញាធរផ្ដាច់ខ្លួនអាមេនី ដែលនិយាយថាតំបន់នេះជាទឹកដីកំណើតដូនតារបស់ពួកគេ ៕

