អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។
លោករ៉េស៊ី បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ ដោយបានលើកហេតុផលថា វាមានចិត្តល្អពេកចំពោះទីក្រុងតេអេរ៉ង ហើយបានស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់បំពានបន្តិចម្តងៗនូវដែនកំណត់នុយក្លេអ៊ែររបស់កិច្ចព្រមព្រៀងនេះ។
បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្យាយាមចរចារអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលប្រទេសអ៊ីរ៉ង់ បានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ៕

