ក្រុមដែលញាំញីដោយបញ្ហាកីឡាកររបួស និងរឿងអាស្រូវ Manchester United ត្រូវធ្វើដំណើរទៅកាន់ទឹកដី Bayern Munich យប់នេះក្របខណ្ឌ UEFA Champions League ដោយគ្មានវត្តមានកីឡាករក្រុមដំបូង ១២នាក់។
ក្រុមរបស់លោក Erik ten Hag ដែលកំពុងលំបាកនៅ English Premier League មិនមានវត្តមានខ្សែការពារ Raphael Varane, Harry Maguire និង Mason Mount ធ្វើដំណើរទៅទឹកដីអាល្លឺម៉ង់ឡើយ។
អតីតអ្នកចាត់ការ Ajax រូបនេះឱ្យដឹងថា បញ្ហារបួសនៅ Manchester United លោកមិនដែលចាប់បាន ១១នាក់ ដំបូងពេញជើង រឺ ១១ នាក់ល្អបំផុតឡើយ តែនេះបញ្ហាដែលអ្នកចាត់ការគ្រប់គ្នាតែងតែប្រឈម ហើយពេញចិត្តនឹងតទល់នឹងស្ងានការបែបនេះជានិច្ច។
ក្រៅពីកីឡាករ ៣ នាក់ខាងលើ Manchester United មិនមានវត្តមាន Jadon Sancho ដែលមានបញ្ហាជាមួយលោក Ten Hag ខ្សែបម្រើស្លាបប្រេស៊ីល Antony ដែលត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួន ខណៈខ្សែបម្រើហូឡង់ Donny van de Beek មិនមានឈ្មោះក្នុងបញ្ជីក្រុមប្រកួតនៅអឺរ៉ុបឡើយ។
Manchester United មុនមកដល់ការប្រកួតរាត្រីនេះ ទើបតែចាញ់ Brighton ៣-១ ក្នុងទឹកដីខ្លួនឯង និងធ្លាក់ទៅដល់លេខ ១៣ ក្នុងតារាង។
ងាកទៅ Bayern Munich វិញថ្វីបើស្មើ ២-២ ទល់នឹង Bayer Leverkusen តែក្រុមរបស់លោក Thomas Tuchel មិនដែលចាញ់ក្នុងដីនៅវគ្គវិលជុំក្នុងពូល UCL ឡើយ ៣៤ ប្រកួតចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ

