ចិន៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានបង្កើនទំនាក់ឆ្លងព្រំដែន ជាមួយរុស្ស៊ី និង ពាណិជ្ជកម្មទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការវិនិយោគ ខណៈសម្ព័ន្ធមិត្តទាំង២ បានប្ដេជ្ញាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុន ទោះបីជាមានការមិនពេញចិត្តពីលោកខាងលិច បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន ក៏ដោយ ស្របពេលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក Wang Yi ទៅកាន់ទីកក្រុង មូស្គូ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលឈានទៅរកការបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយ។
យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មរបស់លោក រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វ៉ិនតាវ (Wang Wentao) បាននិយាយក្នុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ថា សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាង ចិន រុស្ស៊ី បានបន្តយ៉ាងស៊ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋទាំង២។
ខណៈសង្រ្គាមអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ ហើយរុស្ស៊ី រងទណ្ឌកម្មពីលោកខាងលិច ទីក្រុងមូស្គូ បានពឹងផ្អែកលើសម្ព័ន្ធមិត្តក្រុងប៉េកាំង សម្រាប់ការគាំទ្រសេដ្ឋកិច្ច ការផ្គត់ផ្គង់លើតម្រូវការរបស់ចិនផ្នែក ប្រេង និងឧស្ម័ន ព្រមទាំងគ្រាប់ធញ្ញជាតិផងដែរ។
ទិន្នន័យពន្ធគយចុងក្រោយបង្អស់របស់ចិន បង្ហាញថា កាលពីខែសីហា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី បានឡើងដល់៣% កាលពីដើមឆ្នាំមុន រហូតដល់១១,៥ពាន់លានដុល្លារអាមេរិក ផ្ទុយពីខែកក្កដា ដែលធ្លាក់ចុះ៨% ៕

