រុស្ស៊ី៖រុស្ស៊ីប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលា ខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីននៅក្រៅប្រទេស ចាប់តាំងពីដីកាចាប់ខ្លួនត្រូវបានដាក់ចេញប្រឆាំងនឹងលោក ជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។
លោក Nikolai Patrushev ដែលជាមនុស្សជំនិតរបស់លោក ពូទីន និងជាលេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា រុស្ស៊ី និងចិន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ នៅពេលប្រឈមមុខនឹងការប៉ុនប៉ងរបស់លោកខាងលិចដើម្បីទប់ស្កាត់ពួកគេទាំងពីរ។ លោក ពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បន្ទាប់ពីការអញ្ជើញរបស់លោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្ពង់ខ្ពស់នៅទីក្រុងមូស្គូកាលពីខែមីនា។
ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី នោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទសង្ស័យថា បាននិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ ឬច្រើនជាងនេះពីអ៊ុយក្រែន។
លោក ពូទីន បានធ្វើទស្សនកិច្ចចុងក្រោយនៅប៉េកាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការលុកលុយអ៊ុយក្រែន ជាទីដែលលោក និងលោក ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដោយទីក្រុងមូស្គូនិយាយថា នេះមិនមែនមានន័យថាជាសម្ព័ន្ធមិត្តយោធានោះទេ៕

