ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទរៀបចំពិធីវាយគង ជួង រគាំង និងទូងស្គរជ័យ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលរៀបចំឡើងនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីជម្រាបទៅលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តទាំងអស់ សហការឱ្យបានជិតស្និទ្ធបំផុតជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនាផ្សេងៗទូទាំងប្រទេស ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរជ័យ និងគោះត្រដោកព្រមៗគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧.00ព្រឹក ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត និងជាទីមោទនកភាពជាតិ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ទៅអន្តរជាតិ និងពិភពលោកថាប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាច្រើននៅមិនទាន់ដាក់បញ្ចូល ហើយសាកសមជាព្រះរាជាណាចក្រអច្ឆរិយៈ។
សូមជម្រាបជូនថា ការចុះបញ្ជី រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ នាពេលនេះ ជាមោទនភាពជាតិខ្មែរយ៉ាងធំធេងជាថ្មីទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕ អត្ថបទ រដ្ឋា






