
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីសន្តិភាព សុវត្តិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ ទាំងក្នុងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកលក្រោមប្រធានបទ «ពិភពលោកមួយសន្តិសុខរួម» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
សន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោមប្រធានបទ «ពិភពលោកមួយសន្តិសុខរួម» ធ្វើឡើងទីក្រុង Lianyungang ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ដោយមានការចូលរួមពីមន្ត្រីអនុវត្តច្បាប់ អ្នកជំនាញ មកពីប្រទេស និងតំបន់ចំនួន៥០។
សម្ដេចធិបតីថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវការអបអរសាទរជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រជាមានិតចិន ចំពោះគំនិតផ្តួចផ្តើមនៃការរៀចបំនូវវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលនេះចាប់តាំងពីឆ្នាំ២០១៥មក។
សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមរៀបចំលិខិតតុបករណ៍ យុទ្ធសាស្ត្រ គោលនយោបាយពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ ការផ្សាភ្ជាប់ជិតស្និត រវាងកងកម្លាំងអនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះនឹងអាចប្រមូលផ្តុំនូវវិធានការសរុប ឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួមពាក់ព័ន្ធជាមួយវិស័យសន្តិសុខ ក្នុងបុព្វហេតុរួមនៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់៕