ក្លិបបាល់ទាត់អ៊ីតាលី Empoli បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Paolo Zanetti ហើយក្រោយបរាជ័យនៅទឹកដី Roma ៧-០ កាលពីថ្ងៃអាទិត្យ។
នេះជាបរាជ័យ ៤ ប្រកួតជាប់គ្នារកពិន្ទុមិនបានសូម្បីតែមួយរដូវកាលថ្មីនេះ មុនឈានដល់ការបញ្ចប់តំណែងលោក Zanetti នៅថ្ងៃអង្គារម្សិលមិញ។

មិនត្រឹមតែចាញ់ទាំង ៤ ប្រកួតទេ Empoli ថែមទាំងរកគ្រាប់បាល់បញ្ចូលទីមិនបាននៅឡើយ តែរបូតដល់ទៅ ១២ គ្រាប់។
បុរសវ័យ ៤០ ឆ្នាំ ដែលជាអតីតកីឡាកររបស់ Empoli រូបនេះ ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមកាលពីដើមរដូវកាលមុន ខណៈ Empoli បញ្ចប់នៅចំណាត់ថ្នាក់លេខ ១៤ នៅ Serie A។
មុនមកដល់ Empoli លោក Zanetti ធ្លាប់ដឹកនាំ Venezia ឡើងមកកាន់ Serie A តែក៏ត្រូវបណ្តេញចេញនៅឆ្នាំ ២០២២ បន្ទាប់ពីក្រុមចាប់ផ្តើមរដូវកាលចាញ់ ៨ ប្រកួតជាប់គ្នា។
Empoli នឹងត្រូវទទួលក្រុមកំពូលតារាង Inter Milan ថ្ងៃអាទិត្យនេះ៕ អត្ថបទ៖នាង សុភាវុធ
