ជឺជិតស៊ូ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានសងសឹកអតីតជើងឯកពិភពលោកច្រើនសម័យគឺកីឡាការិនីប្រេស៊ីល Pati Fontes បានហើយ ក្រោយរង់ចាំអស់រយៈពេល ៥ឆ្នាំក្នុងជំនួបលើសង្វៀន Who Number One ឬនរណាលេខ១ នៅសហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅ។
ជំនួបដ៏ទាក់ទាញនេះ ជើងខ្លាំងជឺជិតស៊ូទាំងពីរបានបើកការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ តែកីឡាការិនីខ្សែក្រវាត់ខ្មៅវ័យក្មេង ១៩ឆ្នាំកម្ពុជាបានព្យាយាមប្រើបច្ចេកទេស និងស្នៀតចាប់ឃ្លេគូប្រកួតជាច្រើនលើកច្រើនសារ រហូតដំណើរការប្រកួតបានប្រមាណ ៥នាទី អាជ្ញាកណ្ដាលក៏បញ្ចប់ការប្រកួតដោយផ្ដល់ជ័យជម្នះ ដល់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា តែម្ដង។ នេះគឺជាជ័យជម្នះលើកទី២ របស់ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ខាន់ ចេសា ក្នុងឆ្នាំ២០២១ សម្រាប់ការបង្ហាញវត្តមានលើសង្វៀន Who Number One ហើយក៏ជាសងសឹកបានសម្រេចលើកីឡាការិនីវ័យ ៣៣ឆ្នាំ Fontes ផងដែរ ដ្បិតកាលពីឆ្នាំ២០១៦ អ្នកទាំងពីរ ធ្លាប់ជួបគ្នាម្ដងហើយដោយលទ្ធផល ខាន់ ចេសា បានរងបរាជ័យទាំងប្រផិតប្រផើយក្រោមថ្វីដៃកីឡាការិនីប្រេស៊ីលរូបនេះ៕
អត្ថបទ៖ លី ឈុនឡា