ក្រុមមេដឹកនាំមូស្លីមដែលថ្លែងទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានរិះគន់លោកខាងលិចជុំវិញការដុតគម្ពីរកូរ៉ាន ដោយបានថ្កោលទោសទង្វើដែលត្រូវបានការពារនោះថាជាការនិយាយដោយសេរីដែលជាការរើសអើង។

ប្រទេសស៊ុយអែត បានឃើញការដុតសៀវភៅដ៏ពិសិដ្ឋរបស់ឥស្លាមជាបន្តបន្ទាប់ ដោយរដ្ឋាភិបាល បានធ្វើការថ្កោលទោស ប៉ុន្តែបាននិយាយថា ខ្លួនមិនអាចបញ្ឈប់សកម្មភាព ដែលត្រូវបានការពារ នៅក្រោមច្បាប់ស្តីពីការបញ្ចេញមតិដោយសេរីនោះទេ។
ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) ដែលបានដាក់សម្ពាធអស់ជាច្រើនខែលើប្រទេសស៊ុយអែតជុំវិញការស្វាគមន៍របស់ខ្លួនចំពោះសកម្មជនឃើដ ដែលទួរគីចាត់ទុកថាជាភេរវករ បាននិយាយថា ប្រទេសលោកខាងលិច កំពុងមើលឃើញ «គ្រោះកាច»នៃការរើសអើងជាតិសាសន៍ រួមទាំងការរើសអើងសាសនាឥស្លាម។
លោកបានប្រាប់មហាសន្និបាតUN ថា៖«រឿងនេះ បានឈានដល់កម្រិតដែលមិនអាចអត់ឱនឲ្យបាន» ។
លោកបានបន្តថា៖ «គួរឲ្យសោកស្តាយ ក្រុមអ្នកនយោបាយប្រជានិយមក្នុងប្រទេសជាច្រើន បន្តលេងល្បែងគ្រោះថ្នាក់ ដោយការជំរុញឲ្យមាននិន្នាការដ៏គ្រោះថ្នាក់បែបនេះ»។

