ក្រុមអ្នកវិទ្យាសាស្ត្រកំពុងចង្អុលទៅបម្រែបម្រួលអាកាសធាតុបន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវរបស់ប្រទេសលីប៊ី។ កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ពួកគេបាននិយាយថា បញ្ហាអាកាសធាតុបានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នេះកើនឡើងដល់ជាង៥០ដង នេះបើយោងតាមក្រុមអ្នកវិទ្យាសាស្ត្រសហការស្រាវជ្រាវអន្តរជាតិ ដែលសិក្សាពីបម្រែបម្រួលអាកាសធាតុ។

ព្យុះដ៏មានឥទ្ធិពល ដែលបានបោកបក់លើប្រទេសលីប៊ី កាលពីថ្ងៃទី១០ ខែកញ្ញា បានបណ្តាលឱ្យទំនប់ទឹកចំនួនពីរបានបាក់ ដោយបានជន់លិចទីក្រុង Derna ភាគខាងកើតនៃប្រទេសលីប៊ី និងបានសម្លាប់មនុស្សរាប់ពាន់នាក់។
ការសិក្សាបានបន្ថែមថា ការសាងសង់អាគារនៅតំបន់ទំនាប ស្ថានភាពទំនប់ទឹកមិនល្អ ជម្លោះប្រដាប់អាវុធយូរអង្វែង និងកត្តាក្នុងស្រុកផ្សេងៗទៀត ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសនេះផងដែរ។
ការសិក្សានោះក៏បានព្រមានផងដែរថា នៅពេលដែលបម្រែបម្រួលអាកាសធាតុជំរុញឱ្យអាកាសធាតុឈានដល់ចំណុចធ្ងន់ធ្ងរថ្មី វានឹងនៅតែមានហានិភ័យក្នុងការសាងសង់ផ្ទះនៅលើវាលទំនាបទឹកជំនន់ ឬប្រើប្រាស់សម្ភារៈដែលមិនមានស្តង់ដារ។
ទន្ទឹមនឹងនេះ បម្រែបម្រួលអាកាសធាតុក៏បណ្តាលឱ្យមានការកើនឡើងរហូតដល់៤០% នៃបរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅដើមខែកញ្ញានៅទូទាំងសមុទ្រ មេឌីទែរ៉ាណេ បណ្តាលឱ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសក្រិក ប៊ុលហ្គារី និងទួរគី ផងដែរ៕
