
អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក ពីអូត មូលលឺ (Piotr Müller) បានប្រាប់សារព័ត៌មាន Polsat News កាលពីថ្ងៃទី១៨ ខែកញ្ញាថា ប្រទេសប៉ូឡូញ ទំនងជានឹងមិនបន្តការផ្តល់ជំនួយសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនប្រហែលមួយលាននាក់ ដែលខ្លួនកំពុងទទួលក្នុងកម្រិតដូចគ្នាសម្រាប់ឆ្នាំបន្ទាប់នោះទេ។
ប៉ូឡូញ បានទទួលយកជនភៀសខ្លួនអ៊ុយក្រែនច្រើនជាងគេក្នុងចំណោមប្រទេសទាំងអស់។ អង្គការសហប្រជាជាតិ កត់ត្រាជនភៀសខ្លួនប្រមាណ៦លាននាក់ ដែលរស់នៅបរទេស ដោយសារការឈ្លានពានរបស់រុស្ស៊ី។
នៅក្នុងការបង្ហាញនៃសាមគ្គីភាពជាមួយអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធនេះ ទីក្រុងវ៉ាសូវីបានសម្រេចចិត្តជួយជនភៀសខ្លួនអ៊ុយក្រែន ដោយការផ្តល់លក្ខខណ្ឌស្នាក់នៅ និងផ្តល់សិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព និងអត្ថប្រយោជន៍គ្រួសារ ដោយឥតគិតថ្លៃ។
ឥឡូវនេះ រដ្ឋាភិបាលប៉ូឡូញបង្ហាញសញ្ញាថា ជំនួយនេះប្រហែលជាមិនអូសបន្លាយដល់ឆ្នាំ២០២៤ទេ យ៉ាងហោចណាស់មិនមានទំហំដូចគ្នាទេ។