ភ្នំពេញ៖ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញារួមគ្នាលើកតម្កើងមរតកវប្បធម៌ និងការពាររមណីយដ្ឋានប្រាសាទកោះកេរឱ្យបានគង់វង្ស ព្រោះថា “កិច្ចថែរក្សា និងការពារបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្តាលក្រសួង ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌រូបិយពិភពលោក កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា ការទទួលស្គាល់ផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” គឺជាមោទនភាពជាតិដ៏ថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ ប្រសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និងឆ្នាំ២០១៧។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ៕ ដោយ ៖ បូរ៉ាវី




