
ប្រទេសទាំងនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា បណ្តាប្រទេសនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងសហរដ្ឋអាមេរិក បានអំពាវនាវជាថ្មីឲ្យអ៊ីរ៉ង់សហការយ៉ាងពេញលេញជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប់GCC រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងអគ្គលេខាធិការGCC នៅទីក្រុងញូវយ៉ក។
ប្រទេសអ៊ីរ៉ង់ បានរារាំងក្រុមអធិការកិច្ចរបស់ IAEAអន្តរជាតិជាច្រើននាក់ ដែលត្រូវបានចាត់តាំងឲ្យត្រួតពិនិត្យសកម្មភាពបរមាណូរបស់ទីក្រុងតេអេរ៉ង់ដែលជាសកម្មភាពមួយ ដែលត្រូវបានពិពណ៌នាដោយប្រធានក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់UN លោក រ៉ាហ្វាអែល ហ្គោស៊ី (Rafael Grossi) ថា «មិនសមាមាត្រ និងមិនធ្លាប់មានពីមុនមក»។
ចំណាត់ការរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវដែលដឹកនាំដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់IAEA កាលពីសប្តាហ៍មុនសម្រាប់ទីក្រុងតេអេរ៉ង់ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការភ្លាមៗជាមួយ IAEA លើបញ្ហារួមទាំងការពន្យល់អំពីភ័ស្តុតាងអ៊ុយរ៉ានីញ៉ូម ដែលបានរកឃើញនៅតាមបណ្តាកន្លែង ដែលមិនត្រូវបានប្រកាសឲ្យដឹងនោះ។