ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ដោយសារពិភពលោក មើលឃើញកម្ពុជាមានសុខសន្តិភាពនេះហើយ ទើបគេសម្រេចដាក់ប្រសាទបុរាណខ្មែរជាបន្តបន្ទាប់ទៅជា សម្បត្តិបេតិកភណ្ឌពិភពលោកនោះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីធ្វើការទូងស្គរ វាយជួងដើម្បីអបអរសាទរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមាន ឈ្នះ ឈ្នះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រាសាទជាច្រើនដែលដូនតាបន្សល់ទុកមកគឺច្រើនណាស់ ជាក់ស្តែងដូច ជាប្រាសាទកោះកេរនេះជាដើមគឺបានកសាងមករាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែកម្ពុជាយើងទើបមានឱកាស ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយសារតែ កម្ពុជាយើងទើបមានឱកាសពោលគឺមកពីកត្តាសុខសន្តិភាពនេះតែម្តង។
សូមបញ្ជាក់ថា រហូតដល់សព្វថ្ងៃនេះកម្ពុជា បានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ មានចំនួន៤ហើយ ក្នុងនោះរួមមាន រមណីយដ្ឋានអង្គរ នៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ តំបន់ប្រាសាទសំបូរព្រៃគុក ឆ្នាំ២០១៧ និងឆ្នាំ២០២៣នេះគឺរមណីដ្ឋានប្រាសាទកោះកេរ៕អត្ថបទ៖ បាន ចក់