ក្រុមអ្នកវិទ្យាសាស្រ្ត បានព្យាករណ៍ពីឱកាសដែលផ្កាយព្រះគ្រោះ Bennu នឹងបុកផែនដីនៅពេលអនាគត ដែលនឹងធ្វើឲ្យប៉ះពាល់ផ្ទៃផែនដីទំហំប៉ុនរដ្ឋតិចហ្សាស់ របស់សហរដ្ឋអាមេរិក ។
ផ្កាយព្រះគ្រោះ Bennu គឺជាផ្កាយស្ថិតនៅជិតផែនដី ដែលឆ្លងកាត់ភពរាល់រយៈពេល ៦ឆ្នាំម្តង ហើយក្រុមអ្នកជំនាញ បានឃ្លាំមើលវា ចាប់តាំងពីបានរកឃើញវាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ ១៩៩៩ ។
យោងតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា ផ្កាយព្រះគ្រោះ Bennu មានឱកាសឆ្លងកាត់អ្វីពួកគេចាត់ទុកថាជាប្រហោងទំនាញ ដែលនឹងធ្វើឲ្យវាស្ថិតលើផ្លូវបុកផែនដីនៅឆ្នាំ ២១៨២ ។
ឯកសារថ្មីពីក្រុមវិទ្យាសាស្រ្ត OSIRIS-REx បានព្យាករណ៍ថា ផ្កាយព្រះគ្រោះមានឱកាស ០,០៣៧ភាគរយ បុកផែនដី ដែលនេះភាគច្រើនអាស្រ័យលើការហោះមួយផ្សេងទៀត ។ នៅឆ្នាំ ២១៣៥ ផ្កាយព្រះគ្រោះ នឹងធ្វើដំណើរឆ្លងកាត់ផែនដីកាន់តែជិតល្មមដែលការទាញរបស់ទំនាញភពពួកយើងអាចធ្វើឲ្យប៉ះពាល់ដល់វា ធ្វើឲ្យវាស្ថិតលើផ្លូវបុកពួកយើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២១៨២ ពោលគឺមានរយៈពេល ១៥៩ឆ្នាំទៀត ចាប់ពីថ្ងៃដែលសរសេរឯកសារនេះ ។
ផ្កាយព្រះគ្រោះ Bennu មានទទឹង ៤៨៣ម៉ែត្រ ស្មើនឹងប្លុកអគារទីក្រុងចំនួន ៣ល្វែង ។ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ផ្ទៃផែនដីទំហំប៉ុនរដ្ឋតិចហ្សាស់ ដោយសារតែកម្លាំងបុករបស់វា ។
ទោះបីជាយ៉ាងណាក៏ដោយ ផ្កាយព្រះគ្រោះ Bennu នៅតែតូចខ្លាំងជាងផ្កាយព្រះគ្រោះដែលបានបំផ្លាញសត្វដាយណូស័រ កាលពីរយៈពេល ៦៦លានឆ្នាំមុន ដែលគេនិយាយថា វាមានទទឹងប្រវែងជាង ៩,៦គ.ម ៕