
ប្រធានាធិបតីប៉េរូលោកស្រី Dina Boluarte បានស្នើសុំឲ្យបង្កើតកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារបាតុភូតអាកាសធាតុ អែល នីញ៉ូ ។ លោកស្រីថ្លែងបែបនេះ ទៅកាន់ក្រុមមេដឹកនាំពិភពលោក ដែលបានជួបជុំគ្នាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA) នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
លោកស្រី Boluarte បានជំរុញឲ្យបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបញ្ឈប់ផលប៉ះពាល់ដោយសារបាតុភូតអាកាសធាតុ ដែលធនាគារកណ្តាលប្រទេសមួយនេះ និយាយថា វានៅតែជាហានិភ័យចំពោះសេដ្ឋកិច្ចក្នុងស្រុក និងអតិផរណា ។
លោកស្រី Boluarte បន្តថា លោកស្រីស្នើសុំឲ្យមានកិច្ចព្រមព្រៀងនៅថ្ងៃនេះ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តដើម្បីចាប់វិធានការ សម្រាប់ការយកចិត្តទុកដាន់បន្ទាន់លើបាតុភូតឧតុនិយមដែលគេស្គាល់ថាជាបាតុភូតធម្មជាតិ អែល នីញ៉ូ ។
លោកស្រីនិយាយទៀតថា កិច្ចព្រមព្រៀងនេះ ត្រូវតែផ្អែកលើសាមគ្គីភាព ធន់ និងពឹងពាក់គ្នាទៅវិញទៅមក ។ ថ្ងៃនេះ ប៉េរូ ដែលប្រឈមនឹងបាតុភូតអែល នីញ៉ូ ហើយនៅថ្ងៃស្អែក ធម្មជាតិអាចនឹងបង្កឲ្យមានជោគវាសនាមួយទៀត ប៉ុន្តែការរួបរួមគ្នា ពួកយើងនឹងអាចបោះជំហានឆ្ពោះទៅមុខបាន ។
សូមបញ្ជាក់ថា បាតុភូមិអាកាសធាតុធម្មជាតិ បង្កឲ្យកើតមានព្យុះស៊ីក្លូនត្រូពិកនៅមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យកើតមានហានិភ័យភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមតំបន់ជាច្រើនរបស់អាមេរិក និងកន្លែងផ្សេងទៀតនៅលើពិភពលោក ៕