សៀមរាប ៖ ផ្លែតាង៉ែន ឬហៅថាផ្លែមៀនប៉ៃលិន ដែលកន្លងមកគេធ្លាប់ឃើញតែនៅខេត្ដប៉ៃលិននោះ បច្ចុប្បន្ននេះ នៅក្នុងខេត្ដសៀមរាប មានអ្នកដាំហើយ និងទទួលផលជាច្រើនហិកតាហើយថែមទៀតផង ប៉ុន្តែដំណាំហូបផ្លែប្រភេទនេះ គេមិនសូវចាប់អារម្មណ៍ជាផលិតផលផ្លែឈើដាំដុះ នៅក្នុងខេត្ដសៀមរាបនោះទេ ព្រោះតាង៉ែននេះ មានដើមកំណើតនៅខេត្ដប៉ៃលិន។
អ្នកចំការមួយរូបដែលមានវ័យ៧០ឆ្នាំនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ មានចម្ងាយប្រមាណជាង៥០គីឡូ ម៉ែត្រពីក្រុងសៀមរាបឈ្មោះ ស៊ិន ធួន បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភាថា លោកបានដាំតាង៉ែន ឬផ្លែមៀនប៉ៃលិននេះ ប្រមាណ៥ឆ្នាំទៅ៧ឆ្នាំហើយ ដោយឆ្នាំមុនៗមិនសូវបានទិន្នផលនោះទេ ដោយសារជួបគ្រោះរាំងស្ងួតផង និងខ្វះបច្ចេកទេសផង ប៉ុន្តែសម្រាប់នៅឆ្នាំនេះ គឺទទួលបានផលច្រើនគួរអោយកត់សំគាល់។ លោក បន្ដថា លោកបានដាំដើមតាង៉ែននេះ មានចំនួន៥០០ដើម លើផ្ទៃដីមួយហិកតាកន្លះ ដែលនៅក្នុងឆ្នាំនេះទទួលបានផលប្រមាណ៧តោន បើធៀបនឹងឆ្នាំមុនៗ មានការកើនគួរអោយកត់សំគាល់ ព្រោះដើមរបស់វាលូតលាស់ធំៗហើយដែរ។
លោកបន្ថែមថា ឆ្នាំមុនៗលោកបានយកផ្លែឈើប្រភេទនេះ ទៅលក់នៅតាមទីផ្សារក្នុងស្រុក ប៉ុន្ដែមិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោកនៅក្នុងខេត្ដសៀមរាបក៏ដោយ។
លោក បានបញ្ជាក់ថា ផ្លែតាង៉ែននៅឆ្នាំនេះមិនសូវមានទីផ្សារទេ ព្រោះមិនសូវមានអ្នកទៅទិញដល់ចំការ ដែលខុសប្លែកពីឆ្នាំមុនៗមានអ្នកកុម្ម៉ង់ទិញដល់ចំការ ហើយមានតម្លៃខ្ពស់គួរសម ប៉ុន្ដែសម្រាប់ឆ្នាំនេះ ថយចុះ ដែលអាចសង្ស័យថា មកពីបញ្ហាជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន របស់លោកមួយគីឡូក្រាមតម្លៃ៥ពាន់រៀល ហើយដឹកជញ្ជូនដល់ផ្ទះ។
បើតាមការកត់សំគាល់ផ្លែតាង៉ែន ឬផ្លែមៀនប៉ៃលិននេះ មានកសិករតិចតួចនៅខេត្ដសៀមរាប បានបង្កើតមុខរបរដាំដើមតាង៉ែននេះ គឺមាននៅជើងភ្នំគូលែនក្នុងស្រុកបន្ទាយស្រី និងនៅតំបន់ឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ នៃខេត្ដសៀមរាប។ អ្នកចំការដាំផ្លែតាង៉ែន ឬផ្លែមៀនប៉ៃលិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអោយចូលរួមគាំទ្រផ្លែឈើនេះ ថាពិតជាមានការដាំដុះនៅខេត្ដសៀមរាប ៕
អត្ថបទ ឈិត សាវី