
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃអង្គារថា មិនបាច់សង្ស័យនោះទេដែលថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវតែពឹងផ្អែកលើប្រទេសដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង ស្របពេលដែលប្រទេសចំនួន ៥០បានជួបជុំគ្នានៅមូលដ្ឋានទ័ពអាកាស Ramstein របស់សហរដ្ឋអាមេរិក ស្ថិតនៅតំបន់ភាគខាងលិចប្រទេសអាល្លឺម៉ង់ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់អ៊ុយក្រែន ។
អំឡុងជំនួបជាមួយក្រុមទាក់ទងការពារជាតិអ៊ុយក្រែន លោក Austin និយាយថា ពិភពលោកមិនអាចទទួលយកគំនិតថា មហិច្ឆិតាចក្រពត្តិរបស់ក្រុមឃោឃៅ និងក្រុមប្រើអំណាចផ្តាច់ការ សំខាន់ជាងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិបាននោះទេ ។
ដោយឡែក នាយអគ្គសេនាធិការកងទ័ពចម្រុះសហរដ្ឋអាមេរិកលោក Mark Milley បាននិយាយថា អ៊ុយក្រែនពុំធ្លាប់ដែលសុំឲ្យប្រទេសណាមួយជួយធ្វើសង្រ្គាមសម្រាប់ពួកគេនោះទេ ប៉ុន្តែពួកគេគ្រាន់តែស្នើសុំជំនួយ ដែលគួរផ្តល់ជូនដើម្បីឲ្យអ៊ុយក្រែនអាចទទួលបានសេរីភាព ឯករាជ្យជាតិ និងអធិបតេយ្យភាព ។
លោកបន្តថា នេះគឺជាការប្រយុទ្ធរបស់អ៊ុយក្រែន វាគឺជារឿងរបស់ពួកគេ សង្រ្គាមរបស់ពួកគេ ។ អ៊ុយក្រែនមិនដែលសុំឲ្យប្រទេសណាមួយជួយច្បាំងពួកគេនោះទេ ពួគគេគ្រាន់តែត្រូវការជំនួយសម្រាប់បង្វឹកទាហានពួកគេ និងគ្រឿងយុទ្ធោបករណ៍ ហើយពួកយើងទាំងអស់គ្នានៅទីនេះ គឺដើម្បីជួយពួកគេឲ្យទទួលបានឯករាជ្យរបស់ពួកគេ ៕