ភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តចុះអប់រំសុខភាព ជូនដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម និងបានចុះបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំអាល់ប៊ែត នៅតាមសហគមន៍នានា ក្នុងខេត្តកំពង់ស្ពឺ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចុះបាញ់ថ្នាំកំចាត់មូស និងអប់រំផ្សព្វផ្សាយតាមសហគមន៍ក្នុងខេត្តកំពង់ស្ពឺ។ ការចុះបាញ់ថ្នាំមូស និងចុះអប់រំផ្សព្វផ្សាយនេះ ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋគ្មានជំងឺគ្រុនឈាម។ លោកប្រធានមនី្ទរ បន្តជំរុញនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា ឱ្យបន្តចុះអប់រំសុខភាព បាញ់ថ្នាំមូស និងដាក់ថ្នាំអាល់ប៊ែតតាមផ្ទះប្រជាពលរដ្ឋ តាមទីសាធារណៈ លុបបំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមឱ្យបានជាប់ជាប្រចាំផងដែរ។ ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺគ្រុនឈាម និងដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម និងសូមរួសរាន់អញ្ជើញទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ដើម្បីទៅរកសេវាពិនិត្យ និងព្យាបាលជំងឺនេះឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ មូសខ្លាញី ជាភ្នាក់ងារចំបងដែលអាចចម្លងជំងឺគ្រុនឈាម វារស់នៅតាមរយៈ ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា។
សូមបញ្ជាក់ផងដែរថា តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចាប់ពីដើមខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ស្ថានភាពជំងឺគ្រុនឈាម តែងតែមានវដ្ដនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។ជំងឺគ្រុនឈាម អាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយវីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងបង្កើតជាដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់រងថ្លា គ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង បំណែកចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាល ពាសកាល បង្កើតជាប្រភពដក់ទឹក និងជាជម្រកសត្វមូស។
អាស្រ័យហេតុនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ សូមណែនាំក្រើនរម្លឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ រដ្ឋា
















