
ក្រសួងការបរទេសរបស់ប្រទេសចិន ក្នុងទីក្រុងហុងកុង បានឲ្យដឹងថា ខ្លួនបានស្នើឲ្យស្ថានកុងស៊ុល ប្រចាំនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះផ្តល់តំណែងការងារ អាសយដ្ឋានទីលំនៅ និងព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់បុគ្គលិកការងារក្នុងស្រុកទាំងអស់ ដោយការលើកឡើងនេះ ត្រូវបានបញ្ជាក់តាមរយៈលិខិតមួយផ្ញើទៅកាន់ស្ថានកុងស៊ុល ដែលសារព័ត៌មាន Reuters បានឃើញ។
ក្រសួងការបរទេសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «ការិយាល័យហុងកុងនៃក្រសួងការបរទេសបានផ្ញើលិខិតមួយទៅកាន់ស្ថានកុងស៊ុលបរទេស ក្នុងទីក្រុងហុងកុង ដើម្បីស្នើសុំឲ្យបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងបុគ្គលិកការងារក្នុងស្រុករបស់ស្ថានកុងស៊ុល»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «វិធានការនេះស្របនឹងការអនុវត្តតាមទម្លាប់ជាអន្តរជាតិ។ គេដឹងថា ស្ថានកុងស៊ុលចិន ដែលប្រចាំនៅបរទេស ក៏ផ្តល់ផងដែរនូវព័ត៌មានបុគ្គលិកក្នុងស្រុកដល់ប្រទេសម្ចាស់ផ្ទះ ស្របតាមការតម្រូវរបស់រដ្ឋាភិបាលក្នុងតំបន់»។
ក្រោមធម្មនុញ្ញដ៏តូចរបស់ក្រុងហុងកុង ទីក្រុងប៉េកាំងទទួលបន្ទុកកិច្ចការបរទេសទាក់ទងនឹងតំបន់រដ្ឋបាលពិសេស។ អតីតទីក្រុង ដែលស្ថិតក្រោមអាណានិគមអង់គ្លេសមួយនេះ ត្រូវបានប្រគល់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញ ក្នុងឆ្នាំ១៩៩៧៕
