ភ្នំពេញ៖ ក្រុមហ៊ុន Nishida Barley Processing Co., Ltd មកពីប្រទេសជប៉ុន បានបង្ហាញនូវគោលបំណងរបស់ខ្លួនថា ចង់ជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅកាន់ប្រទេសជប៉ុននាថ្ងៃអនាគត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងបណ្តាញសង្គម នៅរសៀលថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុងជំនួបការងារ រវាងក្រុមហ៊ុន Nishida Barley Processing Co., Ltd ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។ ឯកឧត្តម បានបន្តថា កម្ពុជាមានភាពខ្លាំងរបស់ខ្លួនលើដំណាក់កាលផលិតកម្ម និងការដាំដុះនៃច្រវាក់ផលិតកម្ម តែនៅត្រូវការចាំបាច់ច្រើននូវការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសសម្រាប់ទីផ្សារនាំចេញ។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុន អាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។
ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែផ្តល់ការសហការគាំទ្រ និងសិក្សាបន្តទៀតសម្រាប់ការវិនិយោគដំណាំកសិកម្មថ្មីៗនៅកម្ពុជា៕ ដោយ ៖ បូរ៉ាវី





